រាជធានីភ្នំពេញ៖បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានរងនូវការចោទប្រកាន់ជាបន្តបន្ទាប់ពីសំណាក់សកម្មជនគាំទ្របក្សប្រឆាំង ខណដែលពួកគេបានចោទលោក កឹម សុខា ថា បានលក់ខ្លួនឲ្យសម្តេច ហ៊ុន សែន ជាថ្នូរការលើកលែងទោស។
នៅលើ Facebook ដាក់ឈ្មោះថា Pen Sorana បានសរសេរថា « គ្រាន់តែចង់ប្រាប់ទៅមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិថា អ្នកនយោបាយណាក៏ដោយ ឲ្យតែលក់ក្បាល់ឲ្យ ហ៊ុន សែន ដើម្បីលុយនោះអស់លោកនឹងមានវាសនាដូចសម្តេចក្រុមព្រះ ន.រណឫទ្ធ ។ កន្លងមកប្រជារាស្ត្រខ្មែរ ស្នេហា យុត្តិធម៌ ខំគាំទ្រគណបក្សសង្គ្រោះជាតិ ដោយសារតែអស់លោកមិនលក់ក្បាលឲ្យ ហ៊ុន សែន ។ ប៉ុន្តែបើអស់លោកលក់ក្បាលឲ្យ ហ៊ុន សែន កុំសង្ឃឹមថា ប្រជារាស្ត្រខ្មែរទៅតាមអ្នកនយោបាយដែលលក់ក្បាលឲ្យ ហ៊ុន សែន ឲ្យសោះ ។ សូមចាំទុកសម័យនេះ ជាសម័យហ្វេសប៊ុក ! ដូចនេះអស់លោកមិនចេះតែធ្វើអ្វីបោកប្រាស់ប្រជារាស្ត្រខ្មែរបានឡើយ ។
ក្រៅពីហ្វេសប៊ុកខាងលើ ក៏មានហ្វេសប៊ុកមួយចំនួនទៀតបានបង្ហោះជាសាររិះគន់ និងចោទប្រកាន់លោក កឹម សុខា ថា បានលក់ខ្លួនក្បាលឲ្យសម្តេច ហ៊ុន សែន ដូចគ្នា ហើយថែមទាំងបញ្ជាក់ថា ពួកគេលែងជឿមេដឹកនាំ CNRP បន្តទៀតហើយ ។
យ៉ាងណាក៏ដោយ លោក កឹម សុខា ធ្លាប់បានថ្លែងថា ការលើកលែងទោសដល់លោក គឺពុំមានដោះដូរអ្វីទាំងអស់ជាមួយសម្តេច ហ៊ុន សែន ។ ចំណែកសម្តេច ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងផងដែរថា មានតែអ្នកនយោបាយធន់អន់នោះទេ ដែលឲ្យគេទិញក្បាលបាន ។ ប៉ុន្តែសម្តេចគ្មានលុយឯណា ដើម្បីទៅទិញក្បាលអ្នកនយោបាយនោះដែរ ៕