រាជធានីភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅក្នុងសភាថា លោក កឹម សុខា គឺជាដៃគូពិភាក្សាការងារសភាជាមួយសម្តេចក្រឡា ហោម ស ខេង ហើយជាដៃគូពិភាក្សារឿងប្រទេសជាតិ ជាមួយនិងសម្តេចផ្ទាល់ផងដែរ។
សម្តេច ហ៊ុន សែន ក៏បានពន្យល់ផងដែរ អំពីការតែងតាំងប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ និងប្រធានក្រុមមតិភាគតិចដោយបញ្ជាក់ថា តំណែងទាំងពីរនេះ គឺតែមួយទេ នេះបើយោងតាមមាត្រា៤៨ថ្មី ( ៣ ) នៃបទបញ្ជាផ្ទៃក្នុងរបស់សភា។
ចំណែកលោក កឹម សុខា ក៏បានថ្លែងថា បញ្ហាតំណែងតួនាទីមិនសំខាន់នោះទេ សំខាន់គឺត្រូវធ្វើយ៉ាងណានាំមកនូវការឯកភាពជាតិ និងនាំមកនូវប្រយោជន៍សម្រាប់ជាតិ ដូចដែលរូបលោកបានពិភាក្សាផ្ទាល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក កឹម សុខា បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហើយបានរកឃើញគំនិតរួម មួយចំនួនសំរាប់អភិវឌ្ឍន៍សង្គម និងស្វែងរក ឯកភាពជាតិ។ លោកបន្តថា ការរិះគន់ប្រកបដោយស្ថាបនា និងរក្សាតម្លៃថ្លៃថ្នូរគឺស្វាគមន៍ ហើយលោកក៏សូមអរគុណ អង្គសភាទាំងមូលដែលបានដោះស្រាយបញ្ហាខ្មែរ និងខ្មែរ។ លោកក៏សុំឲ្យប្រជាជនតាមដានមើលអំពីការធ្វើការដោយប្រុងប្រយ័ត្នអំពីទង្វើបស់យើង។ លោកបានអំពាវនាវឲ្យមានការអត់ធ្មត់ និងបញ្ឈប់រាល់ការជេរប្រមាថ ដែលនាំឲ្យមានការបែកបាក់គ្នា៕