រាជធានីភ្នំពេញ៖ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិច នៅក្នុងរដ្ឋសភា បានអំពាវនាវឱ្យសាធារណជនទាំងអស់ ចៀសវាងនូវការជេរប្រមាថ លាបពណ៌ ដែលនាំឱ្យមានការឈឺចាប់ និងការបែកបាក់សង្គមកម្ពុជា។
លោក កឹម សុខា បានធ្វើការអំពាវនាវដូច្នេះនៅក្នុងប្រជុំសភា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលជាការចូលរួមប្រជុំដំបូងរបស់លោក បន្ទាប់ពីអាក់ខានរយះពេលជាងមួយឆ្នាំមកនេះ ។
លោក កឹម សុខា លើកឡើងថា ដើម្បីចៀសវាងនូវការជេរប្រមាថ លាបពណ៌ នាំឱ្យមានការឈឺចាប់ នាំឱ្យមានការបែកបាក់សង្គម នេះគឺជាអ្វីដែលខ្ញុំ បានជជែកជាមួយសម្តេចនាយករដ្ឋមន្ត្រី ហើយយើងព្យាយាមធ្វើកិច្ចការនេះឱ្យសម្រេចដល់គោលដៅ ដែលយើងចង់បានទាំងអស់គ្នា ។ លោកបន្តថា អ្វីដែលគណបក្សនយោបាយ ត្រូវបន្តធ្វើទៅមុខទៀតនោះ គឺជាការស្វែងរកឯកភាពជាតិ ដើម្បីឱ្យជាតិកម្ពុជា បានរីកចំរើន ហើយលោកស្នើ គ្រប់ភាគីទាំងអស់ មានការប្រុងប្រយ័ត្ន កុំឱ្យដំណើរនេះមិនដល់គោលដៅ។
លោក កឹម សុខា បានបញ្ជាក់បន្ថែមថា «ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើម ហើយកុំឱ្យមាន គឺយើងត្រូវប្រុងប្រយ័ត្ន គឺប្រុងប្រយ័ត្នទាំងអស់គ្នា ធ្វើយ៉ាងម៉េចកុំឱ្យមានការរំខានណាមួយ ដែលធ្វើឱ្យដំណើរការរបស់យើងអត់ដល់គោលដៅរបស់យើង អញ្ចឹងខ្ញុំសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ លោកមេត្តារង់ចាំមើល សូមលោកចូលរួមជាមួយយើងខ្ញុំ ធ្វើដំណើរទៅដល់គោលដៅមួយ ឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍសម្រាប់ជាតិ និងប្រជាពលរដ្ឋរបស់យើង៕