តុលាការ​ច្រានចោល​ការ​សុំ​នៅក្រៅ​ឃុំ​របស់​គ្រួសារ ថោង សា​រ៉ា​ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2015 ក+ ក-

​ភ្នំពេញ​៖​ចៅក្រម​អង្គជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី ២០ មករា សម្រេច​ច្រានចោល​សំណើសុំ​នៅក្រៅ​ឃុំ​របស់​ឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក​អាវុធ​ខុសច្បាប់​។​

ការសម្រេច​បដិសេធ​សុំ​នៅក្រៅ​ឃុំ របស់លោក​ចៅក្រម សាលាឧទ្ធរណ៍​លោក ឃុន លាង​ម៉េង ករណី លោក លោក ថោង ចំរើន និង អ្នកស្រី កែវ សា​វី ត្រូវបាន​មេធាវី​ការពារ​ក្ដី លោក ស៊ី សត្យា ចាត់ទុកថា​រឿង​អយុត្តិធម៌ ហើយ​លោក​នឹង​ប្ដឹង​សារទុក្ខ​សារជាថ្មី ដើម្បី​ឲ្យ​កូនក្ដី​របស់លោក បាន​នៅក្រៅ​ឃុំ ព្រោះ​កូនក្ដី​របស់លោក គឺ លោក ថោង ចំរើន មាន​ជំងឺ ធ្ងន់ធ្ងរ ដែល​ត្រូវការ​ព្យាបាល​ឲ្យ​បាន​ទាន់ពេល​។​

លោក ថោង ចំរើន និង អ្នកស្រី កែវ សា​វី ជា​ឪពុកម្ដាយ លោក ថោង សារ៉ាត់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី ៧ ធ្នូ ២០១៤ ពាក់ព័ន្ធ​នឹង​ការរក្សា​ទុក​អាវុធ​ខុសច្បាប់ និង​ព្យាយាម​រារាំង​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច នៅពេលដែល​សមត្ថកិច្ច​តាម​ចាប់ខ្លួន លោក ថោង សារ៉ាត់ ដែលជា​ជនជាប់ចោទ លើ​ករណី​ឃាតកម្ម ឧកញ៉ា អ៊ឹង ម៉េង​ជឺ​ ៕N M

-----------------