រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានធ្វើលិខិតផ្លូវការមួយច្បាប់ផ្ញើជូនអភិបាលខេត្តចំនួន២១ក្នុងទូទាំងប្រទេស ដោយស្នើទៅអភិបាលខេត្តទាំងនោះឲ្យអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់អភិរក្ស។ ការស្នើនោះគឺបន្ទាប់ពីក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់អភិរក្សត្រូវបានបង្កើត តែក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ ។
តាមរយះលិខិតខាងលើនេះ លោក សាយ សំអាល់ បានលើកឡើងថា ក្រសួងបានពិនិត្យឃើញថា ករណីបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ តែងតែកើតមានឡើងច្រើនជាងធម្មតា នៅរដូវប្រាំងរៀងរាល់ឆ្នាំ ។ ដូច្នេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ លោកស្នើទៅអភិបាលខេត្ត ឲ្យពិនិត្យតាមដាន និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកើតនៅក្នុងតំបន់អភិរក្ស។
កត់សម្គាល់ថា បទល្មើសកាប់បំផ្លាញព្រៃឈើហាក់ដូចជា មិនទាន់ស្រាកស្រាននៅឡើយទេ ខណដែលតំបន់ព្រៃអភិរក្សមួយចំនួនធំកំពុងរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយអាចឈានដល់រលាយហិនហោចនាពេលខាងមុខ ។
ជាក់ស្តែងតំបន់ព្រៃកោងកាងនៃជម្រកជីវៈចម្រុះក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងត្រូវបានក្រុមអាជ្ញាធរ មន្ត្រីជំនាញឃុបឃិតជាមួយក្រុមហ៊ុនចិនមួយតាមទម្រង់លក់ដូរ ហើយក៏កំពុងតែប្រើគ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញអស់រាប់រយហិកតា ដែលគេគិតថា បើពុំមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ ប្រាកដណាស់ព្រៃកោងកាងតំបន់នេះប្រាកដជាត្រូវហិនហោចមិនខាន៕