រាជធានីភ្នំពេញ៖រោងមង្គលការប្រែក្លាយជារោងប្រយុទ្ធគ្នារវាងភ្ញៀវខាងកូនកំលោះជាមួយនឹងភ្ញៀវខាងកូនក្រមុំ ធ្វើឲ្យភ្ញៀវផ្សេងទៀត ដែលមកចូលរួមនាំគ្នារត់ចែកជើងគ្នាព្រាតពេញរោង។ ករណីភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញភ្ញៀវខាងកូនកំលោះបានប៉ះទង្គិចពាក្យសំដីគ្នាជាមួយនឹងភ្ញៀវខាងកូនក្រមុំ តែត្រូវបានចាស់សម្រួលក៏បានស្ងាត់ទៅ ស្រាប់តែដល់វេលាកើតហេតុភ្ញៀវខាងកូនកំលោះមិនអស់ចិត្តបានទៅរករឿងជាមួយភ្ញៀវម្ខាងទៀតក៏កើតជាហិង្សាវាយតបគ្នា ហើយគប់កែវ គប់ដបពេញរោងការ ធ្វើឲ្យផ្អើលរោងការតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបានឡោមព័ទ្ធចាប់បានមនុស្សចំនួន១៤នាក់ និងម៉ូតូចំនួន៩គ្រឿងយកទៅកាន់អធិការនគរបាលខណ្ឌពោធិសែនជ័យតែម្តង ដើម្បីកសាងសំណុំរឿង និងធ្វើការឃុំខ្លួនបណ្តោះអាសន្ន រងចាំចាត់វិធានការតាមផ្លូវច្បាប់៕