ភ្នំពេញ៖ ឆ្នាំ២០១៨ ប្រាក់បៀវត្សមន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធទាំង អស់ត្រូវបានដំឡើងដែលកម្រិតទាបបំផុត ១ លានរៀល។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររងនៃសាកលល័យស្វាយរៀងកាលពីព្រឹកថ្ងៃទី១៩ខែមករា។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការដំឡើងប្រាក់បៀវត្សរ៍នេះក៏ ផ្តោតជាសំខាន់ថា តើរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពដំឡើងដល់មន្ត្រីរាជការកម្រិតណា គឺធ្វើទៅតាមលទ្ធភាព។គោលដៅរបស់រដ្ឋាភិបាល គឺចង់អោយអ្នកប្រាក់ខែទាបបំផុតខិតជិត និងប្រាក់ខែអ្នកមានប្រាក់ខែខ្ពស់ ហើយគោលដៅជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តោតទៅលើគ្រូ បង្រៀន និងគ្រូពេទ្យ ដែលគ្របដណ្តប់ រហូតដល់ទៅ១៣ម៉ឺននាក់ក្នុងចំណោមមន្ត្រីរាជការចំនួន១៩ម៉ឺននាក់។
លោកនាយករដ្ឋមន្ត្រីបានបន្តទៀតថា ការចំណាយទៅលើប្រាក់បៀវត្សមន្ត្រីរាជការ នាពេលបច្ចុប្បន្ននេះ បានលើសទៅនឹងអ្វីដែលបានកំណត់នៅក្នុងច្បាប់ថវិកាជាតិហើយ ព្រោះការចំណាយទៅលើប្រាក់បៀវត្សគេបានកំណត់ថា មិនឲ្យលើសពី ៥ ភាគរយនៃ GDP និង ៤០ ភាគរយនៃចំណាយចរន្តតែប៉ុណ្ណោះ តែបច្ចប្បន្នបានចាយដល់ទៅ ៤៩ភាគរយ នៃចំណាយចរន្តដែលបានកំណត់៕