ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្រុមចោរប្រុសស្រីចំនួន៤នាក់ក្រោមរូបភាពយកលេសទិញទឹកសុទ្ធ រួចបានបន្លំចូលលួចលុយផ្ទះវីងវេលុយនិងប្ដូរប្រាក់យ៉ីហោសួនចំប៉ី សុជាតិចំនួនជិត៥០០០ដុល្លារអាមេរិក។
ជនរងគ្រោះឈ្មោះ ប្រិម សុជាតិ ភេទស្រី អាយុ៤១ឆ្នាំរបរវេលុយវីង ប្ដូរប្រាក់និងលក់ភេសជ្ជៈមានទីលំនៅក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានរៀបរាប់អោយដឹងថា៖ នៅវេលាម៉ោងប្រមាណ៨.០០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦មានមុខសញ្ញាជនសង្ស័យ២នាក់ដែលមានប្រុសម្នាក់និងស្រីពាក់ម៉ាស់មុខផងបានជិះម៉ូតូមកសួរចង់វេលុយ បន្ដិចក្រោយមកក៍បានប្ដូចិត្តទិញទឹកសុទ្ធវិញចំនួន៣យួរប៉ុន្ដែបានប្រាប់អ្នកលក់ថាចាំមកពីផ្សារវិញចាំយក ហើយទាំងពីរនាក់ក៍នាំគ្នាជិះម៉ូតូចេញបាត់ទៅ។
ក្រោយពីពួកគេបានជិះម៉ូតូចេញបាត់ រហូតដល់ម៉ោង១០ និង១០នាទីព្រឹកថ្ងៃដដែលជនសង្ស័យទាំង២នាក់ខាងលើបានត្រឡប់មកវិញជួនពេលដែលលោកស្រីចេញទៅផ្សារផុតដែរ នៅតែក្មួយឈ្មោះនាថជាអ្នកមើលការលក់ដូរ ភ្លាមនោះជនសង្ស័យបានឈប់ចតម៉ូតូនៅចំហៀងមុខខាងស្ដាំហាងហើយស្ដ្រីម្នាក់បានដើរទៅប្រាប់អោយក្មួយម្ចាស់ផ្ទះជួយលើកទឹកអោយយកទៅដាក់នៅនិងម៉ូតូ។ ការពន្យាពេលរៀបទឹកសុទ្ធចំនួន៣កេសនិងការប្រគល់លុយថ្លៃទឹកជាង៤០០០០រៀលសុទ្ធតែលុយរាយៗ ចន្លោះពេលនេះជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ផ្សេងទៀតដែលឈប់ចតម៉ូតូនៅចំហៀងខាងឆ្វេងហាងបានលួចចូលទៅខាងក្នុងផ្ទះរួចយកលុយសម្រាប់វេដែលដាក់ក្នុងទូអស់តែម្ដងហើយគេចខ្លួនបាត់ទាំងអស់គ្នាភ្លាមៗដែរ។
លោកស្រីម្ចាស់ផ្ទះបានអោយដឹងបន្ដរថា មួយសន្ទុះក្រោយពីក្មួយជាអ្នកលក់រាប់លុយថ្លៃទឹកហើយទើបដើរសំដៅយកលុយទៅដាក់នៅក្នុងទូទើបដឹងថាលុយទាំងអស់ត្រូវបាត់អស់រលីងទើបមានការភ្ញាក់ផ្អើលឡើង។
សមត្ថកិច្ចបានអោយដឹងដែរថា ករណីចូលលួចលុយផ្ទះវេលុយ ប្ដូរប្រាក់និងលក់ភេសជ្ជះនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ឋិតនៅនិងលំនៅដ្ឋានជនរងគ្រោះខាងលើ។លុយដែលជនសង្ស័យយកបានចំនួន២២២៤ដុល្លាអាមេរិកនិងប្រាក់ខ្មែរចំនួន៥លានរៀលផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងជំរុញការស្រាវជ្រាវនិងតាមដានមុខសញ្ញាផ្អែកលើជំនាញស្វែងរកជនសង្ស័យដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ប្រើល្បិចថ្មីធ្វើទិញទឹកសុទ្ធ បន្លំចូលលួចលុយផ្ទះវីងវេលុយជិត៥០០០ដុល្លារ