អាមេរិក៖សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងធ្វើការជាមួយប្រធានាធិបតីហ្វីលីពីនដើម្បីដោះស្រាយបញ្ហាមួយចំនួនបន្ទាប់ពីគាត់បានគំរាមបញ្ចប់កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យកងទ័ពសហរដ្ឋអាមេរិកចូលទៅកាន់ប្រទេសហ្វីលីពីន។
លោកប្រធានាធិបតី Rodrigo Duterte បានខឹងយ៉ាងខ្លាំងបន្ទាប់ពីទីភ្នាក់ងារជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានពន្យាពេលការបោះឆ្នោតមួយលើកញ្ចប់ជំនួយអភិវឌ្ឍន៍ដ៏ធំសម្រាប់ប្រទេសហ្វីលីពីនដោយសារក្តីបារម្ភអំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការក្នុងសង្គ្រាមលើគ្រឿងញៀនខុសច្បាប់របស់លោក Duterte ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។
បើទោះបីជាមិនទាន់មានការសម្រេចចិត្តលើកញ្ចប់ជំនួយនោះក៏ដោយ លោក Duterte កាលពីថ្ងៃសៅរ៍បានប្រាប់សហរដ្ឋអាមេរិកឲ្យត្រៀមចាកចេញពីប្រទេសហ្វីលីពីននិងត្រៀមលុបចោលកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យកងទ័ពអាមេរិកចូលក្នុងប្រទេសហ្វីលីពីន។
លោកបានសំដៅទៅកិច្ចព្រមព្រៀងឆ្នាំ១៩៩៨ដែលគ្រប់គ្រងកងកម្លាំងអាមេរិកដែលបានមកប្រទេសហ្វីលីពីនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា។ កិច្ចព្រមព្រៀងនេះបានជួយហ្វីលីពីនឲ្យទប់ទល់នឹងក្រុមឧទ្ទាមមូស្លីមហិង្សានៅភាគខាងត្បូងប្រទេសនិងជួយបង្វឹកកងកម្លាំងហ្វីលីពីនដែលប្រឈមនឹងការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូង។
ស្ថានទូតអាមេរិកក្នុងទីក្រុងម៉ានីលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋបាលលោក Duterte ដើម្បីដោះស្រាយការព្រួយបារម្ភណាមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតមិនបានបញ្ជាក់លម្អិតទេ។
សេតវិមានមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយទេប៉ុន្តែអ្នកនាំពាក្យលោក Josh Earnest បាននិយាយថា សេតវិមាននឹងមិនមានប្រតិកម្មជាសាធារណៈទេរាល់ពេលដែលលោក Duterte បានពោលពាក្យរិះគន់។
លោក Duterte វ័យ៧១ឆ្នាំដែលអះអាងខ្លួនឯងថាជាអ្នកនយោបាយឆ្វេងនិយមនោះបានគំរាមកំហែងស្រដៀងគ្នានេះមុនពេលនិងបន្ទាប់ពីចូលកាន់តំណែងនៅខែមិថុនា៕