រាជធានីភ្នំពេញ៖អង្គការសហប្រជាជាតិស្ដីពីការឃុំឃាំងដោយឥតច្បាប់(WGAD) បានចាត់ទុកការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នៅកម្ពុជាថា ជារឿងមិនត្រឹមត្រូវ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ក្រុមអង្គការសិទ្ធិមនុស្ស បញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គការសហប្រជាជាតិស្ដីពីការឃុំឃាំងដោយឥតច្បាប់ WGAD បានយល់ស្របថា ការបន្តឃុំខ្លួនលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មារធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ជាមន្ត្រីបួនរូបរបស់សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺ “មិនត្រឹមត្រូវ” ។ ផ្តើមពីនោះអង្គការជាតិនិងអន្តរជាតិ បានសំណូមពរដោយទទូច ឲ្យអាជ្ញាធរកម្ពុជាអនុវត្តតាមអនុសាសន៍របស់ WGAD ដោយធ្វើការដោះលែងអ្នកការពារសិទ្ធិមនុស្សជាបន្ទាន់ និងត្រូវផ្ដល់សំណងសមរម្យដល់អ្នកទាំងនោះ។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងយុត្តិធម៌ធ្លាប់បានអះអាងថា និតិវិធីសម្រាប់ដំណើរការលើសំណុំរឿង ទាក់ទងមន្ត្រីសិទ្ធមនុស្ស និងមន្ត្រី គ.ជ.ប ជារឿងត្រឹមត្រូវតាមច្បាប់ ខណៈដែលកម្ពុជាកំពុងពង្រឹងនីតិរដ្ឋ៕