ដោយ៖ប៉ែន សុផល
បាត់ដំបង៖ខាងជំនាញសាធារណការចុះពិនិត្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេសរកឃើញមានរថយន្ត៥០គ្រឿងដែលចរាចរណ៍លើដងផ្លូវ។
លោក ហេង ប៊ុនលី ប្រធានការិយាល័យដឹកជញ្ជូនខេត្តបាត់ដំបងបានប្រាប់សាព័ត៍មានមេគង្គប៉ុស្ត៍ថា÷ ក្នុងអំឡុងពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦កន្លងមកនេះក្នុងយុទ្ធនាការចុះត្រួតពិនិត្យរថយន្តគ្រប់ប្រភេទដែលកែច្នៃទ្រុងខុសលក្ខណៈបច្ចេកទេសធ្វើចរាចរណ៍លើដងផ្លូវជាតិចំនួន៣០៩គ្រឿង រកឃើញរថយន្តកែច្នៃខុសបច្ចេកទេសចំនួន៥០គ្រឿង ក្នុងនោះមានរថយន្តតូចដឹកអ្នកដំណើរចំនួន២គ្រឿងនិងរថយន្តប្រភេទធំដឹកទំនិញចំនួន៤៨គ្រឿង។
ការត្រួតពិនិត្យនេះលើ៥គោលដៅលើយានដ្ឋានក្នុងទីប្រជុំជនក្រុងបាត់ដំបងចំនួន៣កន្លែងនិងនៅគោលដៅលើដងផ្លូវសាធារណះលើកំណាត់ផ្លូវវាងក្រុងចំនួន២លើក ជាលទ្ធផលមានរថយន្តចំនួន២៤គ្រឿងម្ចាស់ស្ម័គ្រចិត្តកាត់ទ្រុងដើម្បីកែសម្រួលនៅនឹងកន្លែងនិងរថយន្តចំនួន២៦គ្រឿងទៀតម្ចាស់សុំធ្វើកិច្ចសន្យាយករថយន្តទៅកាត់សម្រួលអោយស្របតាមបច្ចេកទេសនៅយានដ្ឋាន ហើយយករថយន្តមកអោយមន្ត្រីជំនាញពិនិត្យសារជាថ្មី។ ជាគោលការណ៍ក្នុងការចុះត្រួតពិនិត្យនេះដែរមន្ត្រីជំនាញអនុវត្តលើរថយន្តគ្រប់ប្រភេទដែលបានតបន្ថែមទ្រុងផ្នែកកម្ពស់ឡើងលើ ការតពង្រីកទទឹងតួរថយន្តនិងការតចេញទៅផ្នែកខាងក្រោយរបស់រថយន្ត។
លោក ខាន់ ម៉ាណេ ទីប្រឹក្សារបស់សម្តេចក្រឡាហោមនិងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តបាត់ដំបងកាលពីដើមខែ ក្នុងថ្ងៃបើកយុទ្ធនាការដំបូងបានលើកឡើងថា យោងតាមអនុសាសន៍របស់សម្តេចតេជោ និងការពង្រឹងច្បាប់ចរាចរណ៍របស់ក្រសួងសាធារណណះការនិងដឹកជញ្ជូនក្នុងការអនុវត្តច្បាប់អោយបានតឹងរឹងនេះ គឺធ្វើឡើងជាប្រចាំបន្តរហូតមិនមែនអនុវត្តតែមួយប្រាវទេ ដូចនេះដើម្បីប្រសិទ្ធការងារនិងសុវត្ថិភាពមនុស្សរួមទាំងសុវត្ថិភាពផ្លូវថ្នល់ផងដែរ សុំម្ចាស់យានយន្តរួមទាំងម្ចាស់យានដ្ឋាននានាចូលរួមរក្សាការពារទាំងអស់គ្នាសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងសម្រាលការខួចខាតផ្លូវយ៉ាងធ្ងន់ធ្ងរដូចកន្លងមក៕
ជំនាញរកឃើញរថយន្តខុសបច្ចេកទេស៥២គ្រឿងរត់លើដងផ្លូវជាតិក្នុងខេត្ត