ពុល​ទៀតហើយ​! ព្រះសង្ឃ​១៧​អង្គ​ពុល​តែ​គុជ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2016 ក+ ក-

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី បាន​ឲ្យ​ដឹងថា មាន​ព្រះសង្ឃ​ចំនួន​១៧​អង្គ​បាន​ពុល​ភេសជ្ជៈ តែ​ត្រូវបាន​សមត្ថកិច្ច អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ​ស្រុក​ត្រពាំង​ប្រាសាទ ជួយ​ទាន់ពេលវេលា​។ លោក​បន្តថា ហេតុការណ៍​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាល​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​វត្ត​ស្រែ​ល្អ ស្ថិតនៅ​ភូមិ​ស្រែ​ល្អ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ​។​
​លោកស្នងការ​ន​បាន​បញ្ជាក់ថា ក្រោយ​ទទួល​ព័ត៌មាន​ករណី​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ត្រួតពិនិត្យ និង​បាន​សន្និដ្ឋាន​បឋម​ថា ជាការ​ពុល​តែ​គុជ នេះ​បើតាម​ការអះអាង ពី​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ខាងលើនេះ​។ លោក​បន្តថា បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក បាន​ដឹកបញ្ជូន​ព្រះសង្ឃ​ខាងលើ ទៅកាន់​មន្ទីរ​បង្អែក​ស្រុក ដើម្បី​ជួយសង្គ្រោះ​។​
​ដោយឡែក​ប្រធាន​មណ្ឌល​សុខភាព​ស្រុក​ត្រពាំង​ប្រាសាទ​លោក សឿង ម៉ៅ បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ គឺ​ដោយសារតែ​ព្រះសង្ឃ​បាន​ឆាន់​តែ​គុជ នាពេល​ល្ងាច​វេលា​ម៉ោង​៤ និង​៣០​នាទី លុះ​វេលា​ម៉ោង ប្រមាណ​ជា​៧​យប់​ទើប​មាន​អាកា​រៈ ទន់​ដៃ ទន់​ជើង និង​ក្អួត រាគ តែម្តង​។
​ទោះជា​យ៉ាងណា​រហូតមក​ដល់ពេល​នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦​នេះ ព្រះសង្ឃ​ខាងលើនេះ​ត្រូវ​ដឹកបញ្ជូន​ទៅកាន់​វត្ត​អារាម​វិញ​ហើយ និង​ធូរស្បើយ​ទាំងអស់​ផងដែរ​៕

fn-2016-12-21-09-29-25-0fn-2016-12-21-09-29-25-1 fn-2016-12-21-09-29-25-2