និស្សិត​ចាក់​សម្លាប់​ស្ត្រី​យោធា​នៅខណ្ឌទួលគោកត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​មួយជីវិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 December, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​តុលាការក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦​នេះ​បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​និស្សិត​ម្នាក់​ដែល​បាន​ចាក់​សម្លាប់​មន្ត្រី​យោធា​ស្រី​ម្នាក់ នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត និង​សងជំងឺចិត្ត​ចំនួន​៨០​លាន​រៀល​។
​ការប្រកាស​សាលក្រម​នេះ​ធ្វើឡើង​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ជា សុខ​ចាន់​ដេ​ត ។ ជនជាប់ចោទ​មានឈ្មោះ ម៉ី គឹម​ហេង ហៅ​ដំ អាយុ​២១​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ លី ដាវី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ នៅមុខ​ផ្ទះ​វី​ង លេខ​១២ ផ្លូវ​២១៩ សង្កាត់​ដេប៉ូ​១ ខណ្ឌទួលគោក​។​
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ជនល្មើស ឈ្មោះ ម៉ី គឹម​ហេង ហៅ​ដំ អាយុ​២១​ឆ្នាំ បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ដោយបាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ជាច្រើន​កាំបិត សម្លាប់​ស្ដ្រី​ឈ្មោះ លី ដាវី អាយុ​៣៦​ឆ្នាំ នៅមុខ​ផ្ទះ​វី​ង លេខ​១២ ផ្លូវ ២១៩ សង្កាត់​ដេប៉ូ​១ ខណ្ឌទួលគោក​។​
​ជនដៃដល់​បាន​សារភាពថា ខ្លួនគេ​ពិតជា​បានសម្លាប់​ជនរងគ្រោះ​មែន ដោយសារតែ​កាលពី​២​ថ្ងៃ មុន​មកដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ​ស្អប់ខ្ពើម​រូបគេ​ជាខ្លាំង ពេល​ឃើញ​មុខ​គ្នា​ជនរងគ្រោះ ស្ដោះ​ទឹកមាត់ ងាក​មុខ​ចេញ​សម្ដែង​នូវ​ការមិន​ពេញចិត្ត ហើយ​ការ​ស្អប់ខ្ពើម​នោះ បានធ្វើ​ឲ្យ​រូបគេ​មាន​គំនុំ​ក្នុង​ចិត្ត ជាខ្លាំង​ចង់​សម្លាប់ ជនរងគ្រោះ​ឲ្យ​បាត់​រូប​ពី​ផែនដី​នេះ​៕

fn-2016-12-21-10-01-30-0fn-2016-12-21-10-01-30-1