សមយុទ្ធ​រវាង​កងទ័ព​កម្ពុជា និង​ចិន​​បិទ​បញ្ចប់​នៅថ្ងៃនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2016 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​ការធ្វើ​សមយុទ្ធ «​នាគ​មាស​» ឆ្នាំ​២០១៦ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ចិន​នៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ នឹងត្រូវ​បិទ​បញ្ចប់ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​នេះហើយ​បន្ទាប់ពី​ប្រព្រឹត្តទៅ​អស់​រយៈពេល​៩​ថ្ងៃ​។​
​ពិធី​បិទ​សមយុទ្ធ​នេះ ធ្វើឡើង​នៅ​វិទ្យាស្ថាន​យោធា​កងទ័ពជើងគោក ខេត្តកំពង់ស្ពឺ ក្រោម​វត្តមាន ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ដោយមាន​ការចូលរួម​ពី​តំណាង​មេទ័ព​របស់​ចិន​ផងដែរ​។​
​សូមបញ្ជាក់ថា សមយុទ្ធ​នាគ​មាស ឆ្នាំ​២០១៦ រយៈពេល​៩​ថ្ងៃ បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ដល់ ២៣ ខែធ្នូ ឆ្នាំ​២០១៦​។ លំ​ហាត់​សមយុទ្ធ​នេះ​មាន​យន្តហោះ​ចំនួន​០៤​គ្រឿង ឧទ្ធម្ភាគចក្រ​ចំនួន​០១​គ្រឿង និង​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន​-​កម្ពុជា ជិត​៤០០​នាក់​។ សមយុទ្ធ​មនុស្សធម៌ រវាង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ជាមួយ​កងទ័ព​ប្រជាជន​ចិន​នេះ មាន​លំ​ហាត់​សំខាន់ៗ​ចំនួន​៦ ក្នុងនោះ​រួមមាន ទី​១៖​សកម្មភាព​លំ​ហាត់​ធ្វើ​ផ្លូវ ទី​២៖​លំ​ហាត់​រាវ​មីន និង​កម្ទេច​គ្រឿងផ្ទុះ ទី​៣៖​លំ​ហាត់​ធ្វើ​ស្ពាន (​ស្ពាន​ថ្មើរជើង និង​ស្ពាន​អេ​ឡិច​ត្រូ​និ​ច​) ទី​៤៖​លំ​ហាត់​ជួយសង្គ្រោះ​លើទឹក ទី​៥៖​សាងសង់​ទីជម្រក​និង​ការផលិត​ទឹក​សុទ្ធ និង​ទី​៦៖ សកម្មភាព​លំ​ហាត់​ទប់ទឹក​ជំនន់​៕

fn-2016-12-23-07-54-31-1fn-2016-12-23-07-54-31-0