ខេត្តបាត់ដំបង៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ក្រោយពីជាប់ពាក់ព័ន្ធនឹងករណីអំពើហិង្សា និងបៀតបៀនផ្លូវភេទលើកូនស្រីបង្កើតខ្លួនឯង២នាក់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ព្រឿង វ៉ាន់ អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ ជួយ សុខជា អាយុ៣៥ឆ្នាំ មានកូន៥នាក់ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពដដែលបានបន្តថា ជនសង្ស័យនេះតែងតែផឹកស្រវឹងវាយធ្វើបាបប្រពន្ធកូន រហូតដល់ប្រពន្ធអស់ទ្រាំពុំបានក៍បានចេញពីផ្ទះបន្សល់ទុកកូនៗទាំង៥នាក់នៅជាមួយជនសង្ស័យជាប្តី។
ចំណែកជនរងគ្រោះមានឈ្មោះ វ.ស.ណ និង ឈ្មោះ វ.ច.ន ជាកូនស្រីបង្កើតរបស់ជនសង្ស័យបានអោយដឹងថាកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបានផឹកស្រាស្រវឹងរួចបានធ្វើការប្រើអំពើហិង្សា មិនត្រឹមតែប៉ុណ្ណោះថែមទាំងបង្ខំអោយពួកនាងដោះសម្លៀកបំពាក់ចេញ រួចស្ទាបច្របាច់ អោបថើបនាងទៀតផង លុះដល់ទ្រាំនឹងទង្វើដ៏ថោកទាបនេះមិនបានពួកនាងក៍សម្រេចចិត្តប្រាប់រឿងនេះទៅម្តាយ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យរួចមកសមត្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕