ខេត្តព្រះសីហុន៖កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុបានចុះបង្ក្រាបបទល្មើសផលិត និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំចំនួន២ករណី ដោយបានឃាត់ខ្លួនជនសង្ស័យជនបរទេសចម្រុះជាតិសាសន៍ចំនួន៥នាក់ និងដកហូតបានថ្នាំញៀនរហូតដល់ជិត១គីឡូក្រាម ដែលប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាទៀបភ្លឺថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៦។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីទី១៖ នៅក្រុមទី១៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ទី១-ឈ្មោះ Melnyk Volodymyr ភេទប្រុស ឆ្នាំកំណើត ២០.០២.១៩៨៩ សញ្ជាតិ អ៊ុយក្រែន (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន) ។ ទី២-ឈ្មោះ Lenya Vlkoval ភេទស្រី អាយុ២៦ឆ្នាំ សញ្ជាតិឆែក (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន) និងទី៣-ឈ្មោះ Sirkia Hannah ភេទស្រី អាយុ២៨ឆ្នាំ សញ្ជាតិហ្វាំងឡង់ (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន )។ ប្រភពបន្តថា វត្ថុតាងដែលដកហូតរួមមាន៖ ម៉ាស៊ីនសម្រាប់ផលិតគ្រឿងញៀន១គ្រឿង ម្សៅក្រាមពណ៌សចំនួន៤២២គ្រាប់ទម្ងន់ ១៩៥ក្រាម ថ្នាំគ្រាប់ពណ៌បៃតងចំនួន៥៤គ្រាប់ ទម្ងន់២៨ក្រាម ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន២៩៥ក្រាម ម្សៅពណ៌បៃតង ចំនួន១ប្រអប់ ទម្ងន់៩៩ក្រាម ម្សៅពណ៌ផ្កាឈូកចំនួន១ប្រអប់ ទម្ងន់៥២ក្រាម ម្សៅពណ៌ផ្កាឈូក(រាងដូចពណ៌កំបោរ)១ប្រអប់ ទម្ងន់៣៧៦ក្រាម ម្សៅម៉ាក Microcystalline Cellulose ទម្ងន់១៧៧ក្រាម និងម្សៅម៉ាក Magnessieu Magneseum មួយចំនួនទៀត។
ដោយឡែកករណីទី២ នៅក្រុមទី២២ ភូមិ5 សង្កាត់៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់៖
ទី១-ឈ្មោះ Grafma Mikhail ភេទប្រុស ឆ្នាំកំណើត ០៥.០៦.១៩៦៤ សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 711091581 ។ ទី២-ឈ្មោះ Mukhametianova Elmira ភេទស្រី ឆ្នាំកំណើត ១៥.០២.១៩៨៦ សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ 752312661 ។ ដកហូតវត្ថុតាងរួមមាន ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន 1គ្រឿង ថ្នាំឈ្មោះ Trauma ប្រភេទគ្រាប់ពណ៌ស២៦បំពង់ ម្សៅពណ៌ស៣កញ្ចប់ធំ និង៣កញ្ចប់តូច ព្រមទាំងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។
បើតាមលោកស្នងការបញ្ជាក់ថាក្រោយការពិនិត្យរបស់មន្ត្រីជំនាញ នៃមន្ទីរ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលធ្វើការពិសោធន៍ គឺពិតជាថ្នាំញៀនប្រភេទ ( MDMA) ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ន រួមនិងវត្ថុតាងនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី៕