អាង​តួនាទី​ជា​ប៉ូលិស​មាន​កាំភ្លើង​កាន់​ផឹកស៊ី​ស្រវឹង​ដក​ភ្ជង់​គំរាម​បាញ់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2016 ក+ ក-

​ខេត្តកណ្តាល​៖​មាន​ករណី​មួយ​បាន​កើតឡើង​ដោយសារតែ​ផឹកស៊ី​ស្រវឹង​ទើប​បណ្តាលអោយមាន​ទាស់សំដី​គ្នា​បន្តិចបន្តួច​ធ្វើអោយ លោក អឹង សែ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ដែល​គេ​ស្គាល់​ថា ជា​តៃកុង​ឡាន អភិបាលរង​ខេត្តកណ្តាល​នោះ​។ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​វាល​ត្រែង​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​នៅ​ក្នុងករណី​បង្កជម្លោះ​លោក អឹង សែ នេះ​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​បាញ់​ទៅលើ​ឈ្មោះ ហុក សំបូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​កើតហេតុ​។​
​ប្រភព​រាយការណ៍​បានអោយដឹងថា លោក អឹង សែ ជា​មន្ត្រីនគរបាល​តែមាន​តួនាទី​បើកឡាន​អោយ​លោក​អភិបាលរង​ខេត្ត​នេះ បាន​ផឹកស្រា​បៀរ ABC អស់​ប្រហែល​៦​កំប៉ុង​ក៏​ស្រវឹង ហើយ​ក៏បាន​ទាស់សំដី​គ្នា​ក្នុង​វង់​ផឹកស៊ី ហើយ​ខណៈពេល​នោះ​លោក អឹង សែ នេះ​ក៏បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់សម្លាប់​ជនរងគ្រោះ​តែម្តង​។ ក្រោយ​កើតហេតុ​ពលរដ្ឋ​រងគ្រោះ​សង្កេតឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្អាង​ចុះ​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​នោះ​នាំមក​ទីស្នាក់ការ​ស្រុក​ដើម្បី​សួរនាំ ក៏ប៉ុន្តែ​ជនសង្ស័យ​នេះ​ត្រូវបាន​សមត្ថកិច្ច​ប៉េអឹម​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​បាន​តែមួយ​ដង្ហើមចង្រិត​តែប៉ុណ្ណោះ​ត្រូវបាន​ដោះលែង​ដោយ​រលូន​ទៅវិញ​។​
​បើតាម​ប្រភព​មន្ត្រី​សមត្ថកិច្ច​បានអោយដឹង​ថា ការដោះលែង​នេះ ដោយសារ​តែមាន​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់លើ​។ ប្រជាពលរដ្ឋ​រងគ្រោះ​សូម​អំពាវនាវ​ដល់​លោក​អាជ្ញាធរ​មូលដ្ឋាន​ខេត្តកណ្តាល មេត្តា​គួរតែ​ចាត់​កម្លាំង​ពិសេស​ចុះ​ពិនិត្យ​នឹង​សាវ​ជ្រាវ​ករណីនេះ​សាជាថ្មី​ឡើងជា​បន្ទាន់ ពីព្រោះ​វា​នឹង​បង្ក​អោយ​បាត់​នូវ​ប្រជាប្រិយភាព​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខនេះ​៕

img-20161226-wa0014img-20161226-wa0017img-20161226-wa0016