ខេត្តបន្ទាយមានជ័យ៖ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ឌិន ពុទ្ធិ ត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ដែលត្រូវឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។ លោក ឌិន ធារិទ្ធ អគ្គលេខាធិការសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងប៉ោយប៉ែតបានប្រាប់ថា សមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធមានស្នាក់ការនៅក្រុងប៉ោយប៉ែតមានក្រុមការងារចំនួន៣០នាក់ ដែលលោក ឌិន ពុទ្ធិ ជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកបានបញ្ជាក់ថា ទិសដៅសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងប៉ោយប៉ែត មានតួនាទីសម្រាប់បម្រើប្រជាពលរដ្ឋមានដូចជា ទី១.ការរំលោភបំពានប្រជាពលរដ្ឋស្លូតត្រង់ពីសំណាក់អ្នកមានអំណាច ទី២.ការរំលោភសិទ្ធិប្រពលរដ្ឋមានដូចជាអំពើហិង្សា ទី៣.ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមានអាជីវករ.អ្នករត់តាក់ស៊ី.ម៉ូតូឌុប.កម្មករអូសរទេះ.កម្មការករ កម្មការិនី បុគ្គលិកកាស៊ីណូ។
លោកបានបញ្ជាក់ថា លោក ឌិន ពុទ្ធិ ជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រពន្ធឈ្មោះ ហ៊ុំ ច្រៀន មានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ កូនប្រុសច្បងមានអាយុ១៥ឆ្នាំ កូនប្រុសទី២ មានអាយុ៤ឆ្នាំ កូនស្រីទី៣ មានអាយុ១ខួបកន្លះ ដែលស្នាក់នៅភូមិសាមគ្គីមានជ័យសង្កាត់/ក្រុងប៉ោយប៉ែត។
លោក ឌិន ធារិទ្ធ បានបន្តថា នៅពេលដែលកម្លាំងនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនលោក ឌិន ពុទ្ធិ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធគឺវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្បាលស្ពានច្រកទ្វាអន្តរជាតិប៉ោយប៉ែត។ មានអ្នកម៉ូតូម្នាក់ឈ្មោះ អ៊ីង ខ្វៀង ដែលរត់ម៉ូតូឌុបចិញ្ចឹមគ្រួសារដែលមានផ្ទៃពោះជិតគ្រប់ខែ នៅពេលទៅរត់ឌុបច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក ឈាន ពិសិទ្ធិ មានឋានន្តរសក្តិវរៈសេនីយ៍ត្រី តួនាទីជាអនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទឃាត់ម៉ូតូ១គ្រឿង ហើយគោលបំណងឃាត់ម្ចាស់ម៉ូតូទៀតទើបលោក ឌិន ពុទ្ធិ ជិះរថយន្តទៅជួយអន្តរាគមន៍ត្រូវបានឃាត់ចោទប្រកាន់ថា បុកឈ្មោះ ឈាន ពិសិទ្ធិ ហើយត្រូវបានឃាត់ខ្លួនតែម្តង។
លោក ឌិន ធារិទ្ធ បានបញ្ជាក់ថា មូលហេតុដែលកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃាត់ម៉ូតូកើតឡើងជាច្រើនលើកមកហើយ ចំពោះអ្នករត់ម៉ូតូឌុបដែលរត់នៅច្រកទ្វារប៉ោយប៉ែតមិនបានបង់ខែឲ្យគឺចាប់យកម៉ូតូទុក៣ទៅ៤ថ្ងៃព្រមានទើបលែង។ មានម៉ូតូប្រមាណជិត១០០គ្រឿងដែលរត់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានគឺបង់លុយឲ្យ១ខែ៣០០បាត ទើបមានសិទ្ធិរត់បាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បើម៉ូតូមិនបង់លុយខែឲ្យទេចូលច្រកទ្វារគឺចាប់បែបហ្នឹង។
លោក ជុំ ឃាង ជំនួយការមេធាវីបានប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ថា ចំពោះលោក ឌិន ពុទ្ធិ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធមានស្នាក់ការនៅក្រុងប៉ោយប៉ែត ដែលត្រូវបានកម្លាំងនគបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។ ដែលត្រូវបានឃាត់ចោទប្រកាន់ពីបទថា បើករថយន្តបុកឈ្មោះ ឈាន ពិសិទ្ធិ មានឋានន្តរសក្តិវរសេនីយ៍ត្រី តួនាទីជាអនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនត្រូវបញ្ជូនខ្លួនលោក ឌិន ពុទ្ធិ បន្តទៅស្នងការនគរបាលខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្ន ដែលចោទប្រកាន់បីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា រហូតពេលនេះលោកមិនទាន់បានជួបកូនក្តីនៅឡើយទេ។
លោក សេន មករា មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់តាមទូរស័ព្ទថាចំពោះលោក ឌិន ពុទ្ធិ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានឃាត់ខ្លួននៅពេលបើករថយន្តបុក ឈាន ពិសិទ្ធិ មានឋានន្តរសក្តិវរសេនីយ៍ត្រី តួនាទីជាអនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ដែលបណ្តាលឲ្យសន្លប់ និងរបួសធ្ងន់មានស្នាមភ្លៅខាងស្តាំ និងដងខ្លួនហើយត្រូវបានសង្គ្រោះបន្ទាន់ទៅគ្លីនិកឯកជនក្រុងប៉ោយប៉ែត ដោយមានសភាពធ្ងន់ធ្ងរបញ្ជូនទៅមន្ទីពេទ្យស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ។
លោក សេម មករា បានបន្តថា មូលហេតុដែលឈ្មោះ ឌិន ពុទ្ធិ បើករថយន្តបុកលោក ឈាន ពិសិទ្ធ នៅពេលឃាត់រថយន្តព្យាយាមមកយកអ្នកម៉ូតូឌុបដែលធ្វើប៉ះពាល់សណ្តាប់ធ្នាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ហើយឈ្មោះ ឌិន ពុទ្ធិ នេះធ្លាប់បង្កអសន្តិសុខ និងសណ្តាប់ធ្នាប់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាច្រើនលើកច្រើនសារមកហើយ និងញុះញង់អ្នករត់តាក់ស៊ីម៉ូតូឌុប កម្មករអូសរទេះ អាជីវករធ្វើការតវ៉ា បាតុកម្មនៅក្នុងក្រុងប៉ោយប៉ែតកន្លងមក។ ទាក់ទិនការឃាត់ខ្លួនលោក ឌិន ពុទ្ធិ ប្រធានសាមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ។ អ្នកយកព័ត៌មានបានព្យាយាមទំនាក់ទំនងទៅលោក មាស ច័ន្ទពិសិទ្ធ ព្រះរាអាជ្ញាអោមសាលាដំបូងខេត្តបន្ទាយមានជ័យ តែមិនអាចធ្វើការទំនាក់ទំនងបានឡើយ៕