រាជធានីភ្នំពេញ៖នៅក្នុងឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣.៣៣៨លើកបណ្តាលអោយមនុស្សស្លាប់ចំនួន១.៥៧៦នាក់ និងរបួស ៥.៩៦២នាក់ ក្នុងនោះអ្នករបួសមានរបួសធ្ងន់៥៩%។ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
របាយការណ៍នេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ដែលបានធ្វើឡើងនារសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ។
របាយការណ៍ដដែលបញ្ជាក់ថា ភូមិសាស្ត្រដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ គឺនៅរាជធានីភ្នំពេញចំនួន ៣៤៨លើក ខេត្តកណ្តាលចំនួន ៣០៣លើក និងខេត្តតាកែវចំនួន២៨៨លើក។ មូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់ ៤១% មិនប្រកាន់ស្តាំ ១២% ស្រវឹង ១០% មិនគោរពសិទ្ធ ១២% វ៉ាជែង ១១% បត់១០% កត្តាយានយន្ត៣% និងងងុយដេក១%។
បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចំនួន ៤៥១ លើក ស្មើ ១២% អ្នកស្លាប់ថយចំនួន ២៥៩នាក់ ស្មើ១៤% និងអ្នករបួសថយចំនួន ៥៩៦នាក់ ស្មើ៩%៕