រាជធានីភ្នំពេញ៖បង្ហោះសារនៅលើ ហ្វេសប៊ុក របស់ខ្លួនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សម រង្ស៊ី បានលើកតម្កើងខ្លួនឯងស្មើនឹងសម្តេចព្រះ ន.សីហនុ រួមទាំងអ្នកនយោបាយ២នាក់ផ្សេងទៀត គឺលោក សឺង ង៉ុកថាន់ និងលោក ប៉ែន សុវណ្ណ។
លោក សម រង្ស៊ី បានសរសេរថា អ្នកនយោបាយដែលត្រូវបានគេនិរទេសក្នុងប្រវត្តិសាស្ត្រ មានចំនួន៤រូប រួមមាន៖ លោក សឺង ង៉ុកថាន់ លោក ប៉ែន សុវណ្ណ សម្តេចព្រះន.សីហនុ និងលោក សម រង្ស៊ី ។ លោកថា ការនិរទេសនោះគឺជាវិធានការនយោបាយតាមរបៀបផ្តាច់ការដែលរដ្ឋអំណាចណាមួយអនុវត្ត ចំពោះតួ អង្គនយោបាយណាម្នាក់ដែលគេចង់បញ្ឈប់សកម្មភាពនយោបាយ ដោយបំបាត់វត្តមានគឺបណ្តេញចេញពីប្រទេសកំណើត ។
លោកបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រកម្ពុជាមានអ្នកនយោបាយយ៉ាងតិច៤នាក់ ដែលត្រូវគេបណ្តេញចេញឬនិរទេសមិនឲ្យមានវត្តមានលើទឹកដីប្រទេសកម្ពុជា ដោយសារតែរដ្ឋអំណាចនោះមានការភ័យខ្លាច ចំពោះប្រជាប្រិយភាពរបស់ឥស្សរជនប្រឆាំងគេនោះដែលអាចផ្តួលរំលំរបបគេ ។
លោក សម រង្ស៊ី រៀបរាប់ថា អ្នកនយោបាយទាំង៤នោះ គឺលោក សឺង ង៉ុកថាន់ ដែលត្រូវរបបអាណានិគមនិយមបារាំងបណ្តេញចេញពីប្រទេស ។ លោក ប៉ែន សុវណ្ណ ដែលត្រូវអាជ្ញាធរអាណានិគមវៀតណាម និរទេសចេញពីប្រទេស រួមទាំងសម្តេច សីហនុ ដែលត្រូវរបបលោក លន់ នល់ និរទេសចេញពីប្រទេស ហើយក្រោយមកត្រូវរបប ហេង សំរិន , ជា ស៊ីម , ហ៊ុន សែន ក្រោមអាណានិគមនិយមវៀតណាម និរទេសព្រះអង្គបន្តទៀត ។
តាមសារដែលលោក សម រង្ស៊ី បានសរសេរត្រូវបានគេមើលឃើញថា លោកបានប្រដូចខ្លួនឯងទៅនឹងឥស្សរជននយោបាយទាំង៣ សំខាន់ សម្តេចព្រះន.សីហនុ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគោរពបូជាទុកជាទីសក្ការៈ ក្នុងពេលព្រះអង្គសោយទីវង្គត ។ ការប្រៀបធៀបខ្លួនឯងទៅនឹងសម្តេចព្រះនសីហនុ របស់លោក សម រង្ស៊ី ត្រូវបានអ្នកវិភាគនយោបាយចំអកយ៉ាងខ្លាំង ព្រោះថា រវាងលោក សម រង្ស៊ី និងសម្តេច ព្រះន.សីហនុ មិនអាចដូចគ្នា ហើយខុសគ្នាឆ្ងាយដូចមេឃនិងដីឯណោះ ។
អ្នកវិភាគនយោបាយបញ្ជាក់ថា ការនិរទេសរបស់សម្តេច ព្រះ ន.សីហនុ ពិតជាផ្តើមចេញពីការភ័យខ្លាចនៃការបាត់បង់អំណាចរបស់អ្នកកាន់អំណាចនាជំនាន់នោះប្រាកដមែន ព្រោះព្រះអង្គជាអ្នកនយោបាយ ឬជាឥស្សរជនដែលមានប្រជាប្រិយភាពលើសលុបគ្មានគូរប្រៀប ។
ចំណែកលោក សម រង្ស៊ី និរទេសខ្លួនឯងដោយសារតែការភ័យខ្លាចនឹងចំណាត់ការរបស់តុលាការ ខណដែលលោកបានធ្វើឲ្យមានកំហុសខាងផ្លូវច្បាប់ ។ ទន្ទឹមនោះប្រជាប្រិយភាពលោក សម រង្ស៊ី នៅតិចតួចណាស់ បើប្រៀបធៀបសម្តេច ព្រះន.សីហនុ ៕