ដោយ៖ប៉ែន សុផល
បាត់ដំបង៖យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់និង១នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីក្នុងពេលតែមួយក្នុងស្រុកសង្កែនិងស្រុកថ្មគោល។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង១៩ និង៥០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ។
បង្កដោយរថយន្តម៉ាក ហ៊ីយុនដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3C 9094 អ្នកបើកបរ រត់បាត់ បានបុកម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ ខ្មៅ ផលិតឆ្នាំ ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1T 3748 អ្នកបើកបរ មិនស្គាល់សាវតាស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកថ្មគោល។
ប្រភពប្រាប់ថានៅមុនពេលកើតហេតុគឺរថយន្តបង្កបើកបរមានទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះដល់ចំណុចខាងលើបានបុកម៉ូតូ មានទិសដៅច្រាស់គ្នាពីត្បូងទៅជើង បណ្តាលអោយរងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
មួយករណីទៀតកើតហេតុនៅវេលាម៉ោង១៨ និង២០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្រុមទី២០ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែខេត្តបាត់ដំបងបង្កដោយរថយន្តម៉ាក ហាយឡិនឌឺ ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AL6422បុកម៉ូតូក្នុងទិសដៅច្រាស់គ្នាបណ្តាលអោយស្លាប់២នាក់ និងរបួសធ្ងន់១នាក់ មូលហេតុរថយន្តបង្កឡើងវ៉ា។
បច្ចុប្បន្ន រថយន្ត បង្កទាំង២គ្រឿងនិង ម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញយកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរងចាំធ្វើការដោះស្រាយ ចំណែកសាកសពកំពុងស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕