ខ្សែជីវិត​ពិតលោក ស៊ីន ច័ន្ទ​ឆាយា កូនប្រុុស​អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សាមុត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2015 ក+ ក-

​លោក ស៊ីន ច័ន្ទ​ឆាយា គឺជា​សិល្បករ​ចម្រៀង​ប្រជាប្រិយ​ម្នាក់ និង​ជា​បុត្រា​របស់លោក ស៊ីន ស៊ី​សាមុត អធិរាជ​សំឡេង​មាស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

១.​ប្រវត្តិ​សង្ខេប​
– លោក ស៊ីន ច័ន្ទ​ឆាយា ចាប់កំណើត​នៅ​ថ្ងៃ​ច័ន្ទ​ទី​០២ ខែមិថុនា ឆ្នាំ​១៩៥៨ ក្នុង​សង្កាត់​លេខ​៣ នាទី​ក្រុងភ្នំពេញ​។

– លោក ស៊ីន ច័ន្ទ​ឆាយា ជា​កូន​ទី​២​របស់លោក ស៊ីន ស៊ី​សាមុត និង​អ្នកស្រី ខាវ ថង​ញ៉ុ​ត​។​
២.​ការងារ​សិល្បៈ​

– ១៩៧៩ ដល់​ឆ្នាំ​១៩៨៩ លោក ស៊ីន ច័ន្ទ​ឆាយា រស់នៅ និង​ធ្វើការ​នៅ​ខេត្តក្រចេះ​

–១៩៨៩​លោក ស៊ីន ច័ន្ទ​ឆាយា ផ្លាស់​មក​ធ្វើការ​នៅ​ក្រុងភ្នំពេញ​

–​លោក​ចាប់ផ្ដើម​ចូល​ថត​កាស្សែត​ចម្រៀង​នៅពេល​លោក​មក​ទីក្រុង​ភ្នំពេញ​ឲ្យ​ផលិតកម្ម​ខ្មែរ​ក្រៅ​ស្រុក​មួយចំនួន​។​

– ១៩៩៣ លោក ស៊ីន ច័ន្ទ​ឆាយា បាន​ផ្អាក​ដោយសារ​លោក​មាន​ជំងឺ​ហើម​បំពង់​សំឡេង ដោយ​ទទួល​ការណែនាំ​ពី​វេជ្ជបណ្ឌិត​ឲ្យ​លោក​ឈប់​ច្រៀង​ជា​បណ្ដោះអាសន្ន​។​

– ថ្វីត្បិតតែ លោក ស៊ីន ច័ន្ទ​ឆាយា មិន​បានទទួល​ការណែនាំ​បង្ហាត់បង្រៀន​នូវ​បទពិសោធន៍​ល្អៗ​ក្នុងការ ច្រៀង​ពី​ឳ​ពុក​លោក​មែន ប៉ុន្តែ​មត៌ក​ឈាមជ័រ​សិល្បៈ​ដែល​លោក​ឆាយា​បានមកពី លោក ស៊ីន ស៊ី​សាមុត ជា​ឳ​ពុក គួបផ្សំ​ជាមួយ ទេពកោសល្យ​ផ្ទាល់ខ្លួន​ពី​កំណើត លោក ស៊ីន ច័ន្ទ​ឆាយា ក៏​ចេះ​ច្រៀង​ពីរោះ​ម្យ៉ាង ទៅតាម​សំឡេង​ធម្មជាតិ​របស់លោក​។​
៣.​ការតស៊ូ​ចុះ​កម្មសិទ្ធិបញ្ញា​

– លោក ស៊ីន ច័ន្ទ​ឆាយា រួមជាមួយ​អ្នក​ម្ដាយ​របស់លោក​អ្នកស្រី ខាវ ថង​ញ៉ុ​ត និង​ក្រុមគ្រួសារ បាន​ខិតខំ​តស៊ូ​ដើម្បី​ធ្វើការ​ចុះបញ្ជី​បទ​ចម្រៀង​ដែលជា​កម្មសិទ្ធិ បញ្ញា​របស់​បិតា​លោក គឺ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ។ រហូតមកដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​ប្រគល់​បទ​ចម្រៀង ៧៣ បទ របស់​អធិរាជ​សំឡេង​មាស លោក ស៊ីន ស៊ី​សាមុត ជូន​ដល់​គ្រួសារ​របស់ លោក ស៊ីន ស៊ី​សាមុត ក្នុងការ​ទទួលបាន​ច្បាប់​កម្មសិទ្ធិបញ្ញា​។​

–​លោក ស៊ីន ច័ន្ទ​ឆាយា បាន​រៀបការ​ជាមួយ​អ្នកស្រី សំ សាន​។ ភរិយា​របស់លោក ស៊ីន ច័ន្ទ​ឆាយា ក៏បាន​បម្រើ​សិល្បៈ​ចម្រៀង​ដែរ ក្នុង​ឆ្នាំ​១៩៧៩ ដល់ ឆ្នាំ​១៩៨៩​។ អ្នក​ទាំងពីរ​មានកូន​៣​នាក់ គឺ​កូនប្រុស​២​នាក់ និង​កូនស្រី​ម្នាក់​។​
៤.​មរណភាព​

– លោក ស៊ីន ច័ន្ទ​ឆាយា បានទទួល​មរណភាព​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែមករា ឆ្នាំ​២០១៥ វេលា​ប្រមាណ​ជាង​១១​ថ្ងៃត្រង់ ក្នុង​អាយុ​៥៧​ឆ្នាំ ដោយសារ​កើត​ខ្យល់គ ដួល​នៅខាងមុខ​សមាគម ស៊ីន ស៊ី​សាមុត​។ លោក ស៊ីន ច័ន្ទ​ឆាយា មាន​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​ប្រចាំកាយ​។​

– លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ លោក ស៊ីន ច័ន្ទ​ឆាយា បាន​អញ្ជើញ​ទៅ​ផឹក​កាហ្វេ​នៅក្បែរ​ផ្ទះ​ដូច​សព្វមួយដង​។ ក្រោយ​ត្រឡប់​ពី​ផឹក​កាហ្វេ​ចូលដល់​ក្នុងផ្ទះ ស្រាប់តែ​រអិល​ជើង​ដួល​បោក​ក្បាល​ដាច់​សរសៃឈាម​ស្លាប់​តែម្តង​។ សព​របស់លោក ស៊ីន ច័ន្ទ​ឆាយា ត្រូវបាន​តម្កល់​ធ្វើបុណ្យ​នៅក្នុង​គេហដ្ឋាន​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទឹក​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕

----