CPP និង CNRP និយាយ​ទាក់ទង​នឹង​ការបិទ​សំណុំរឿង​ឃាតកម្ម​លោក កែម ឡី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រី CPP និង​មន្ត្រី CNRP បានលើកឡើង​នូវ​គំនិត​មួយចំនួន​ទាក់ទង​ករណី​តុលាការ​ប្រកាស​បិទ​សំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី ហើយ​ការលើកឡើង​របស់​មន្ត្រី​បក្ស​កាន់អំណាច និង​មន្ត្រី​បក្សប្រឆាំង​នោះ គឺ​បន្ទាប់ពី​ការរិះគន់​និង​ការយល់ច្រឡំ​របស់​បុគ្គ​ល​មួយចំនួន​។​
​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ CNRP បាន​លើកឡើងថា ការប្រកាស​បិទ​បញ្ចប់​ការ​ស៊ើបសួរ ករណី​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី មិនអាច​ឈានដល់​ការបិទ​បញ្ចប់​សំណុំរឿង​ទាំងស្រុង​នោះទេ ប៉ុន្តែ​គឺ​ដើម្បី​បន្ត​ដំណើរការ​រឿងក្ដី​ទៅមុខទៀត ។ លោក​ថា តាម​ធម្មតា គេ​ផ្អាក​តែ​ការ​ស៊ើបសួរ នៅ​តុលាការ​រាជធានី​ភ្នំពេញ ហើយ​គ្រាន់តែ​ចៅក្រម​ស៊ើបសួរ គេ​បិទ​ការ​ស៊ើបសួរ ដើម្បី​បន្តដំណើរ​ក្ដីត​ទៅមុខទៀត ។​
​ចំណែក​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បាន​ថ្លែងថា សំណុំរឿង លោក​បណ្ឌិត កែម ឡី ទុក​ឲ្យ​តុលាការ​ជា​អ្នកដោះស្រាយ តាម​នីតិវិធី​ច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ទើប​ជាការ​ល្អប្រសើរ ធ្វើបែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ចិត្ត​។​
​យោងតាម​លិខិត​ជូន​ព័ត៌មាន ស្ដីពី ការបិទ​បញ្ចប់​ការ​ស៊ើបសួរ របស់ សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ ផ្ញើ​ទៅ​លោកស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត​កែម ឡី បាន​ឲ្យ​ដឹងថា “​ក្រោយពី​បាន​ស៊ើបសួរ ប្រមូល​ភស្ដុតាង​ដែល​ទាក់ទិន ករណី​បាញ់សម្លាប់ លោក​បណ្ឌិត កែម ឡី រួចមក សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បញ្ចប់​បិទ ការ​ស៊ើបសួរ​លើ​សំណុំ​រឿងនេះ​”​។​
​សូមបញ្ជាក់ថា លោក​បណ្ឌិត​កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់​ឲ្យ​ស្លាប់​ភ្លាមៗ កាលពី​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ កន្លងទៅ ភ្លាមៗ​នោះ​ផងដែរ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ រហ័ស​នាម​ថា ជួប សម្លាប់​។ ក្រោយ​ហេតុការណ៍​នេះ​កើតឡើង សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្កោលទោស​យ៉ាង​ម៉ឺង​មាត់ ចំពោះ​ឃាតកម្ម សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​នេះ​ជា​អំពើ​ព្រៃផ្សៃ​បំផុត ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​៕

images6