រាជធានីភ្នំពេញ៖តំណាងរាស្ត្របក្សប្រឆាំងបានប្រតិកម្មភ្លាមៗថា យើងមិនអាចទទួលយកការបំភ្លឺរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសភាកាលពីព្រឹកមិញនោះទេ ។ ជាក់ស្តែងយើងបានចោទសួរសំណួរដូចជា ការបាត់លុយមូលនិធិសកល៤១ម៉ឺនដុល្លារ និងការលក់មន្ទីរពេទ្យរដ្ឋមួយចំនួនទៀត ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលឆ្លើយថា លោកបានធ្វើកិច្ចការដោយគោរពតាមនីតិវិធីរបស់រដ្ឋទាំងអស់។
តំណាងរាស្ត្របក្សប្រឆាំងបានបញ្ជាក់ថា យើងចោទសួររឿងលក់អាគារមន្ទីរពេទ្យចំការមន តែលោក ម៉ម ប៊ុនហេង ឆ្លើយថា ចំពោះពេទ្យចំការមន គឺអាជ្ញាធររាជធានីភ្នំពេញ មានគំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក្នុងវិស័យសុខាភិបាល ហើយយើងខ្ញុំក៏ឯកភាពដើម្បីឲ្យអនុវត្តទៅតាមនីតិវិធីរដ្ឋដែលមានផងដែរ ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា ការឆ្លើយរបស់លោក ម៉ម ប៊ុនហេង គឺមិនចំសំណួរ ហើយថាការបំភ្លឺនេះគឺជាគេចវេសពីការទទួលខុសត្រូវ។ ករណីដូចរឿងការបាត់បង់មូលនិធិសកលក្នុងការទិញមុង គឺធម្មតាមូលនិធិសកលគេអ្នកផ្តល់ជំនួយឲ្យក្រសួងសុខាភិបាលចាត់ចែង ហើយអ្នកដែលធ្វើឲ្យបាត់មូលនិធិហ្នឹង គឺមន្ត្រីក្រសួងសុខាភិបាល ។ ដូច្នេះក្រសួងសុខាភិបាលក៏ដូចជាក្រសូងនានារបស់រដ្ឋដែរតែងតែមានសវនកម្មផ្ទៃក្នុង ដើម្បីស៊ើបអង្កេតមើលរឿងហ្នឹង ថាតើបាត់យ៉ាងម៉េច ដាក់ទណ្ឌកម្មយ៉ាងម៉េច។ បើខ្លួនថាវាហួសសមត្ថកិច្ចក្នុងការដាក់ទណ្ឌកម្ម នោះបានគេរុញឬប្តឹងទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បានគេចាត់វិធានការថែមទៀត។ ប៉ុន្តែមកដល់នេះ យើងអត់ឃើញមានមន្ត្រីណាជាប់គុកផងហ្នឹង គឺវាស្ងាត់ទៅវិញទៅ ។
លោក អេង ឆៃអ៊ាង លើកឡើងថា រឿងដោះដូរមន្ទីរពេទ្យ រដ្ឋច្រើនណាស់ អាគារក្រសួងសុខាភិបាលហ្នឹង គឺការដោះដូរអត់មានតម្លាភាព ។ លោកបន្តថា នៅមន្ទីរពេទ្យចំការមនជាប់វិមានឯករាជ្យនេះ យើងអត់ដឹងថាការដោះដូរអាគារហ្នឹងដោះដូរយកទៅណា លក់របៀបម៉េច បានតម្លៃប៉ុន្មាន គឺអត់។ ហើយដូចការដោះដូរមន្ទីសម្ពពក្រុងមុខបុរីកីឡាក៏អត់ដឹង គាត់ឆ្លើយអត់ច្បាស់លាស់។ អ្វីដែលគួរហួសចិត្ត គឺការដោះដូរមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ គេវ៉ៃតម្លៃឆ្នាំ២០១២ អាគាររដ្ឋមួយការ៉េតែ១៥០០ដុល្លារ ដែលតម្លៃទីផ្សារ៣៥០០ដុល្លារ» ។
យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង បញ្ជាក់ថា រឿងនេះមិនអាចបញ្ចប់ត្រឹមនេះទេ ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងប្រជុំផ្ទៃក្នុងសិនថានឹងធ្វើអីទៀត ៕