ខេត្តរតនគិរី៖ឈើលេខ១មុខយក្ស១២គុណ៤០ឬ៦០គុណ២,២ម៉ែត្រចំនួន៧២ដុំត្រូវបានបង្ក្រាបក្រោមការសម្របសម្រួល ដោយព្រះរាជអជ្ញារងលោកជា សុភ័ក្ត្រ កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៦ស្ថិតនៅក្នុងចំការកៅស៊ូ ភូមិបាលែ ឃុំ ម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគិរី ដែលមានជនល្មើសឈ្មោះ ពៅ កូនចែមុំ និងតាហុង ដែលឈ្មោះ ពៅ នេះអះអាងថា ខ្លួនបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនៃការចុះបង្ក្រាបបទល្មើសខាងលើនេះ មានការចូលរួមដោយកម្លាំង ជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរីលោកជា សុភ័ក្ត្រ។
ក្នុងរយៈពេលនៃការបង្ក្រាបបទល្មើសខាងលើគេសង្កេតឃើញថា ម្ចាស់ឈើប្រណីតខាងលើមានចេតនា បន្ទុចបង្អាក់ចំពោះការបន្តនីតិវិធីបង្ក្រាបបទល្មើសជាក់ស្តែងរបស់កងកម្លាំងដោយគេអង្កេតឃើញថាជនប្រព្រឹត្តបទល្មើសបានខលទៅឆ្វេកឆ្វាចទៅអ្នកមានអំណាចក្នុងស្រុក និងខេត្ត ជាពិសេសជនប្រព្រឹត្តល្មើសម្នាក់នេះបាននិយាយក្តែងៗ និងថាគេខលទៅអភិបាលខេត្តសិន។ មិនតែប៉ុណ្ណោះ បុគ្គលជាជនល្មើសបានតវ៉ាផ្លូវច្បាប់ជាមួយព្រះរាជអាជ្ញាព្រមទាំងបានប្រើសំដីយកឈ្មោះថ្នាក់ដឹកនាំកំពូលខេត្ត មកជជែកចំពោះមុខ លោកព្រះរាជអជ្ញា និងកម្លាំងជំនាញរួមទាំងក្រុមអ្នកសារព័ត៌មានយ៉ាងច្រើន។
តែការអន្តរាគមន៍ស្វែងរកជំនួយពីជនល្មើសទៅកាន់មន្ត្រីធំៗក្នុងខេត្តមានអភិបាលខេត្តជាដើមនោះ មិនបានសម្រេចដូចបំណងរបស់ខ្លួននោះឡើយ ខណៈលោក ជា សុភ័ក្ត្រព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានប្រើឆន្ទានុសិទ្ធិ តាមគតិយុត្តិច្បាប់ បង្ក្រាបបទល្មើសទល់តែបានសម្រេចយ៉ាងជោគជ័យបើទោះបទល្មើសជាក់ស្តែងខាងលើមានខាងណា ខាងណីជាអ្នកមានអំណាចបម្រុងធ្វើការរារាំងយ៉ាងច្រើនក៏ដោយចុះ។
ថ្វីត្បិតតែម្ចាស់ឈើដែលជាជនល្មើសរក្សាទុកឈើប្រណីត ដោយល្មើសច្បាប់ មិនត្រូវបានឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុមែន ប៉ុន្តែសមត្ថកិច្ចតុលាការ និងជំនាញនឹងបង្កនីតិវិធីតាមផ្លូវច្បាប់នៅពេលក្រោយក៏មិនដឹង ព្រោះជាសិទ្ធិផ្លូវច្បាប់របស់អំណាចតុលាការ។
សូមបញ្ជាក់ថា ខណៈដែលកម្លាំងប្រដាប់អាវុធមិនទាន់បានមកទាន់ជនប្រព្រឹត្តបទល្មើសបានគេចខ្លួនបាត់អាចសង្ស័យថា មានអ្នកការពារជាមន្ត្រីៗដែលគេស្នើសុំអន្តរាគមន៍នោះពន្យល់ផ្លូវច្បាប់បានមុន។
លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាននៅកន្លែងកំពុងបង្ក្រាបថា ឈើប្រណីតទាំងនេះត្រូវដឹកតាមរថយន្តឈ្នួលទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែរ ដើម្បីចាត់ការបន្ត៕