ដោយ៖ប៉ែន សុផល
បាត់ដំបង៖លោកស្នងការរងខេត្តបាត់ដំបងអោយមន្ត្រីនគរបាលស្រុកសង្កែទាំងអស់កុំដាក់ហ៊ុនឬនៅពីក្រោយល្បែងស៊ីសង។
លោកនិយាយបែបនេះនៅក្នុងពិធីផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាលស្រុកសង្កែសរុប៥០រូបនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅក្នុង បរិវេណអធិការនគរបាលស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ធុច រ៉ា ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងបាននិយាយសង្កត់ធ្ងន់ថា អោយមន្ត្រីនគរបាលទាំងអស់ពិសេសនគរបាលស្រុកសង្កែសុំកុំដាក់ហ៊ុនឬនៅពីក្រោយល្បែងស៊ីសងគ្រប់ប្រភេទព្រោះល្បែងស៊ីសងអាចធ្វើអោយប្រទេសជាតិរលាយបាន។
លោកបន្តទៀតថាក្នុងនាមលោកតំណាងអោយលោកស្នងការខេត្តសូមធ្វើការណែនាំ ផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ដែលទើបនឹងតែងតាំងឬតែងតាំងពីមុនមកសូមអោយមានស្មារតីបំពេញភារកិច្ចប្រចាំថ្ងៃ ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ អនុវត្តអោយបាននូវវិន័យរបស់កងកម្លាំងត្រូវថែរក្សាការពារតម្លៃឋានន្តរសក្តិរបស់ខ្លួនមានភាពម៉ឺងម៉ាត់សាមគ្គីសហការល្អជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថភាព។
លោកនិយាយបន្តទៀតថា ហាមដាច់ខាតមិនត្រូវយកសិទ្ធិ តួនាទី អំណាចមុខងាររបស់ខ្លួន
ទៅគំរាមកំហែងកៀបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់ ទោះក្នុងរូបភាពណាក៍ដោយ។
កងកម្លាំងទាំងអស់ត្រូវខិតខំសិក្សាអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិទាំងឡាយដែលពាក់ព័ន្ធអំពីការងារនគរបាលបង្កើននិងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនព្រោះថា នគរបាលគឺជាអ្នកអនុវត្តច្បាប់ គោរពច្បាប់ ដូច្នេះត្រូវចេះណែនាំអោយប្រជាពលរដ្ឋទាំងឡាយគោរពច្បាប់ផងដែរ៕
ស្នងការរងអោយមន្ត្រីទាំងអស់កុំដាក់ហ៊ុន ឬនៅពីក្រោយល្បែងស៊ីសង