សម្តេច ស ខេង បកអាក្រាត​កេរ្តិ៍​ចៅហ្វាយខេត្ត​រតនគិរី​ជាថ្មីទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សម្តេច ស ខេង បានធ្វើការ​បកអាក្រាត​កេរ្តិ៍​ចៅហ្វាយ​ខេត្តរតនគិរី​ជាថ្មី​ម្តងទៀត តាមរយៈ​ដែល​សម្តេច​ប្រាប់​ចៅហ្វាយខេត្ត​ទាំងអស់​ថា កុំ​ឲ្យ​មានរឿង​ដូច​អភិបាលខេត្ត​រតនគិរី​។​
​ការ​ថ្លែង​របស់​សម្តេច ស ខេង ធ្វើឡើង​ក្នុងឱកាស​បើក​កិច្ចប្រជុំ​លើក​ទី​១៣ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ តាមបែប​លទ្ធ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៧​នេះ នៅ​ទីស្តីការក្រសួង​។​
​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នាពេល​កន្លងទៅ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ស្តីបន្ទោស​ធ្ងន់ៗ​លើ​អភិបាល​ខេត្តរតនគិរី លោក ថង សាវុន ដោយសារតែ​អភិបាលខេត្ត​រូបនេះ បាន​យកឈ្មោះ​សម្តេច​ទៅ​បោក​រដ្ឋមន្ត្រី​៣​រូប ដើម្បី​គេចវេស​ពី​ការងារ​។​
​សម្តេច​ក្រឡាហោម ស ខេង បាន​រំលឹកថា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ កន្លងទៅ មាន​រដ្ឋមន្ត្រី ៣​រូប រួមមាន​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែន នគរូបនីយកម្ម និង​សំណង់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចុះទៅ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តរតនគិរី​។​
​ក្នុង​ដំណើរ​ចុះទៅ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ​ពី​សំណាក់​រដ្ឋមន្ត្រី​ទាំង ៣​រូបនេះ មិនមាន​ការចូលរួម​ពី​លោក​អភិបាលខេត្ត​រតនគិរី ថង សាវុន នោះឡើយ​។ ដោយ​អភិបាលខេត្ត​យក​លេស​ថា ជាប់​ប្រជុំ​ជា មួយ​សម្តេច​ក្រឡាហោម ស ខេង ។ ប៉ុន្តែ​សម្តេច​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ គឺ​សម្តេច​គ្មាន​កិច្ចប្រជុំ​ណាមួយ​ជាមួយ​លោក​អភិបាលខេត្ត​រតនគិរី​នោះឡើយ៕

fn-2017-01-04-09-27-42-1