រាជធានីភ្នំពេញ៖លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃនេះថា រាជរដ្ឋាភិបាល ដៃភ្លើង ជើងមាន់ ប៉ះអ្វីឆេះហ្នឹង។ លោកថា រដ្ឋាភិបាល ដៃភ្លើង ជើងមាន់ ប៉ះអ្វីឆេះហ្នឹង កាយគាស់អ្វីៗទាំងអស់ ឲ្យវិនាសហិនហោច ។ ដីក៏ប្លន់ ផ្ទះក៏ដុត ព្រៃក៏កាប់ ដំណាំក៏ឈូស បឹងក៏លុប ភ្នំក៏វ៉ៃ ថ្មក៏ជីក ខ្សាច់ក៏កាយ ។ ប្រទេសជាតិអន្តរាយ រាស្ត្រវេទនា តែពួកគេបានធ្វើមហាសេដ្ឋី ។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យ CPP បានឆ្លើយតបថា លោក សម រង្ស៊ី និយាយតាមចិត្តចងកំហឹងជាមួយ CPP និងចងកំហឹងជាមួយសម្តេច ហ៊ុន សែន ។ លោកបញ្ជាក់ថា លោក សម រង្ស៊ី អស់ផ្លូវហើយ ហើយគាត់ក្លាយជាមនុស្សឡប់សតិមែនទែន និយាយលែងដឹងខុសត្រូវហើយ ហើយគាត់និយាយមិនឆ្លុះបញ្ចាំងការពិតនោះទេ ។
លោក សុខ ឥសាន្ត បន្តថា លោកបន្តថា ប្រជាពលរដ្ឋទទួលស្គាល់ ស្នាដៃដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន របស់គណបក្សប្រជាជនកម្ពុជា ថាមានការរីកចម្រើន មានការអភិវឌ្ឍ ហើយមានតែឯកឧត្ដម សម រង្ស៊ី មួយមិនទទួលស្គាល់ ។ លោកថា ឯកឧត្ដម សម រង្ស៊ី បានអីទទួលស្គាល់ បើនិរទេសខ្លួនទៅនៅ កណ្ដាលមហាសាគរឯណោះ គាត់រង់ចាំតែថ្ងៃធ្វើអត្តឃាតទេ ព្រោះឡប់សតិដូចមនុស្សញៀនថ្នាំអីចឹង៕