ខេត្តសៀមរាប៖ស្នងការរងនគរបាល និងប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌខេត្តសៀមរាប លោក ភឿង ចិន្ដារ៉េត បានឲ្យដឹងថា ឃាតកចិត្តឆៅ ដែលចូលអារ-ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល នៅក្រុងសៀមរាបត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។
ឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។ ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់ថា ឃាតកមានបក្ខពួកប៉ុន្មាននោះទេ ព្រោះខណៈពេលនេះ កម្លាំងនគរបាលជំនាញកំពុងសួរចម្លើយបន្ដទៀត។
គួរបញ្ជាក់ថា មនុស្ស៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ-ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍ឃាតកម្មដល់សាហាវនេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕