​ថៃ​ចាប់ខ្លួន​ពលករ​ខ្មែរ​ម្នាក់​ក្នុងចំណោម​២៤​នាក់​ដែល​ចូល​កាប់​ឈើ​គ្រញូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ពលករ​ខ្មែរ​២៤​នាក់​បាននាំគ្នា​ចូល​លួច​កាប់​ឈើ​គ្រញូង​នៅក្នុង​ឧទ្យាន ជាតិ​ថៃ​តម្លៃ​ជាង​១​លាន​បាត​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​កាលពី​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧ នៅក្នុង​ខេត្ត​ណាក់​ខន​រ៉ា​ច​សីមា ប្រទេស​ថៃ​។​
​យោងតាម​មន្ដ្រី​ថៃ​ដែល​ផ្ដល់ព័ត៌មាន មក​មន្ដ្រីនគរបាល​ក​ម្ពុ​ជា​ជាប់​ព្រំដែន​បាន​បញ្ជាក់ថា ជនជាតិខ្មែរ​ម្នាក់​ក្នុងចំណោម បក្ខពួក​ទាំង​២៤​នាក់​ត្រូវបាន​ទាហាន​ថៃ ឃាត់ខ្លួន​រួមជាមួយ​ឈើ​គ្រញូង​ដែលមាន​តម្លៃ​ប្រមាណ​ជាង​១​លាន​បាត ខណៈដែល ជនជាតិខ្មែរ​រូបនេះ​បាន​លបចូល​ទៅក្នុង ឧទ្យាន​ជាតិ​ដែលជា​តំបន់ហាមឃាត់​ដើម្បី​ធ្វើ​សកម្មភាព​ជញ្ជូន​ឈើ​គ្រញូង​ទាំងនោះ​ចេញពី​ព្រៃ ។​
​ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំងយោធា បាន​ឡោមព័ទ្ធ​ព្រៃ​ឧទ្យាន​ដែល​នៅ​ជាយ ភូមិ​ឡាំ​ភឿ​ក ក្នុងភូមិ​១ ឃុំ​ឡាំ​ភឿ​ក ស្រុក ខន​បុរី ខេត្ត​ណាក់​ខន​រាជ​សីមា ប្រទេស​ថៃ ដោយ​ក្នុង​នោះបាន​ប្រទះឃើញ​មនុស្ស ប្រមាណ​ជាង​២០​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ស្ពាយ​និង​ជញ្ជូន​ដុំ​ឈើ​គ្រញូង​ចេញពី​ព្រៃ​ទើប​កម្លាំង​បាន​សម្រុក​ឡោមព័ទ្ធ​ដើម្បី​ឃាត់ខ្លួន ។ ប៉ុន្តែ​ដោយសារ​យប់​ងងឹត​ផង​នោះ​ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្នាក់​ដែលជា​ជនជាតិខ្មែរ​ឈ្មោះ ផេង ធួន អាយុ​២៥​ឆ្នាំ រួមជាមួយ​នឹង​ឈើ​គ្រញូង ដែល​បាន​កែច្នៃ​ជា​ដុំៗ ហើយ​ស្រេច​ចំនួន ២៨​ដុំ បើ​គិត​ជា​ទឹកប្រាក់​សរុប​ប្រហែល ជាង​១​លាន​បាត​ឯណោះ ។​
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ បាន​សារភាពថា ខ្លួន​និង​បក្ខពួក​ចំនួន​២៤ នាក់​បាន​ចូលមកក្នុង​ទឹកដី​ថៃ​តាម​ខ្សែបន្ទាត់ ព្រំដែន​ក្នុង​ខេត្ត​ស្រះកែវ​តាំងពី​ថ្ងៃទី​២៦ ខែ ធ្នូ ឆ្នាំ​២០១៦​មកម្ល៉េះ ហើយ​ក៏បាន​ចូលមក​សំងំ​នៅក្នុង​ឧទ្យាន​ជាតិ​នេះ​រង់ចាំ​ឱកាសល្អ​ទើប​ចាប់ផ្តើម​កាត់ឈើ​ដើម្បី​នាំចេញ​ទៅ​ឲ្យ​ឈ្មួញ​តែ​ក៏ត្រូវ​ក្រុម​អង្គភាព​ជំនាញ​ឃាត់ខ្លួន​តែម្តង ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​នាំយក​ទៅកាន់​ស្នាក់ការ​ដើម្បី​សាក សួរ​បន្ត និង​ស្រាវជ្រាវ​រក​អ្នក​ដែល​នៅ​ពី​ក្រោយខ្នង ។​
​ដោយឡែក​ឈើ​គ្រញូង​ទាំង អស់​ក៏​ត្រូវបាន​បញ្ជូនទៅ​រក្សា​ទុក​នៅ​ទីតាំង មេព្រៃ​ជា​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាមច្បាប់ ៕

unnamed-9unnamed-10