ការតែងតាំង​កូនប្រុស​លោក សុខ អាន ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​កំពុង​រង​ការរិះគន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​លោក សុខ សូកាន ដែលជា​កូនប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស ខណៈដែល​ការតែងតាំង​នេះ​រង​នូវ​ការរិះគន់​យ៉ាង​ដៃ​ពី​បក្សប្រឆាំង រួមទាំង​មន្ត្រី​បក្ស​កាន់អំណាច​អំពី​ការតែងតាំង​តាមបែប​បក្សពួកនិយម ។​
​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​រិះគន់ថា ការតែងតាំង​កូន​មន្ត្រី​ដែលមាន​អំណាច​បំផុត​ឲ្យ​កាន់​តួនាទី​កម្រិត​កំពូល​នៅក្នុង​ក្រសួង​មួយ​ក្នុងចំណោម​ក្រសួង​សំខាន់ៗ​បំផុត​គឺ​បង្ហាញ​ពី​សាច់​ញាតិនិយម​យ៉ាងពិត​ប្រាកដ ។​
​ចំណែក​មន្ត្រី​បក្ស​កាន់អំណាច​មួយរូប​ទៀត​នៅ​ក្រសួងការបរទេស​បាន​ហៅ​ការតែងតាំង​នោះ តាម​ខ្សែស្រឡាយ​មិន​ខុសពី​ជំនាន់​លោក ហោ ណាំហុង នោះទេ ក្នុងពេលដែល​មន្ត្រី​ជាច្រើន​ដែល​បាន​តស៊ូ​ក្នុង​ការងារ​និង​មាន​ស្នាដៃ​ក្នុង​ក្រសួង​មួយ​នេះ ត្រូវគេ​បំភ្លេចចោល ។​
​សូមបញ្ជាក់ថា​ក្រៅពី​លោក សុខ សូកេន លោក សុខ អាន ក៏មាន​កូនប្រុស ៣ នាក់​ទៀត​ដែល​កាន់តំណែង​ខ្ពស់​ផងដែរ​គឺ លោក សុខ សង្វារ ជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​លោក សុខ ពុទ្ធិ​វុ​ឌ្ឍ ជា​ប្រធាន​សហព័ន្ធ​ផលិត​ស្រូវ​អង្ករ​កម្ពុជា និង​លោក សុខ សូ​កាន ជា​តំណាងរាស្ត្រ​ខេត្តតាកែវ​ផងដែរ ។ ប៉ុន្តែ​ជានិច្ចកាល​ការតែងតាំង​នោះបាន​រង​នូវ​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​បក្សប្រឆាំង និង​សាធារណជន​រួមទាំង​មន្ត្រី​បក្ស​កាន់អំណាច​ថែមទៀត៕

soksokan