ភ្នំពេញ៖ស្ត្រីម្នាក់ទើបសម្រាលកូនបានរយៈពេល៨ខែប៉ុណ្ណោះ ហើយបានដួលបោកក្បាលនៅក្នុងបន្ទប់ទឹកបណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង និងមិនត្រូវបានបុរសជាប្ដីនាំទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗនោះ ឡើយ គឺប្ដីបានកោសខ្យល់ឲ្យនាងទៅវិញ លុះព្រឹកឡើងនៅតែមិនដឹងខ្លួនទៀត ទើបប្ដីសម្រេចចិត្តដឹកទៅ កាន់គ្លីនិកឯកជនមួយ។ ប៉ុន្តែពេលទៅដល់ខាងគ្លីនិកនោះមិនហ៊ានទទួលព្យាបាលឡើយ ព្រោះខាងស្ថាន ភាព ធ្ងន់ធ្ងរពេក ទើបប្ដីបានដឹកតាមម៉ូតូរ៉ឺម៉កកង់បីទៅកាន់មណ្ឌលសុខភាពពោធិ៍ចិនតុង ដើម្បីសង្គ្រោះបន្ត ហើយក្រោយពេលទៅដល់ ក្រុមគ្រូពេទ្យបានពិនិត្យមើល ឃើញថាស្ត្រីនោះបានស្លាប់បាត់ទៅហើយ គឺស្លាប់មុនពេលដឹកទៅដល់ទីនោះម្លេះ។
ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅក្នុងមណ្ឌលសុខភាពពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីដែលស្លាប់នោះឈ្មោះ ខេន ស្រីខួច អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅក្នុងភូមិប្រាសាទ ឃុំភ្នំសន្ទុក ស្រុកភ្នំសន្ទុក ខេត្តកំពង់ធំ។ មានប្តីឈ្មោះ អឿន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មាន ស្រុកកំណើតនៅក្នុងភូមិកំពង់ក្តី ឃុំខ្ពង់រាប កោះសូទិន កំពង់ចាម អ្នកទាំងពីរនាក់នោះ មានកូនចំនួន៣នាក់ ហើយសព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ក្រោយពេលកើត ហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះទៅ ធ្វើការពិនិត្យជាក់ស្ដែង និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី៕