ខេត្តកំពង់ស្ពឺ៖សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្រើកាំភ្លើងអាកាចំនួន៧នាក់ ដែលជាក្រុមប្លន់ផ្ទះលក់ស្រូវ ព្រមទាំងដកហូតបានអាវុធចំនួន២ដើមទៀតផង ។
ប្រភពព័ត៌មានបានឲ្យដឹងថា កិច្ចសហការបង្ក្រាបនោះក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង និងលោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្តកិច្ចចាប់ខ្លួនទាំង៧នាក់មាន ១-ឈ្មោះ អ៊ី សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកកាន់កាំភ្លើងភ្ជង់ និងបាញ់ជនរងគ្រោះ, ២-ឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ, ៣-ឈ្មោះ សាត ធឹម ភេទប្រុស អាយុ៣៨ឆ្នាំ ២នាក់នេះជាអ្នកចូលរួមធ្វើសកម្មភាព និងជាអ្នកប្រមូលទ្រព្យសម្បត្តិក្នុងអំពើប្លន់ , ៤-ឈ្មោះ អឿន សុផា ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកឌុបបក្សពួកទម្លាក់គោលដៅធ្វើសកម្មភាព, ៥.ឈ្មោះ ហម ហាន ភេទប្រុស អាយុ៤៤ឆ្នាំ, ៦-ឈ្មោះ មាស ធឹម ភេទប្រុស អាយុ៣៦ឆ្នាំ ២នាក់នេះជាអ្នកដើរស៊ើបមើលផ្ទះជនរងគ្រោះ ដើម្បីកំណត់ឲ្យបក្សពួកធ្វើសកម្មភាព និង ៧-ឈ្មោះ ស្វាយ តាក់ ហៅ ច ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកធ្វើសកម្មភាព ។
ប្រភពព័ត៌មានបន្តថា ក្រៅពី៧នាក់ដែលចាប់ខ្លួននេះ នៅមានសមាសភាព៤នាក់ទៀតកំពុងគេចខ្លួន ក្នុងនោះម្នាក់ជាមេខ្លោង និងជាអ្នកកាន់កាំភ្លើងអាការបាញ់សម្លាប់ជនរងគ្រោះយ៉ាងស្ទាត់ជំនាញទៀតផង ។
ក្រុមជនសង្ស័យទាំង៧នាក់ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនបាននៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដែលជាកន្លែងពួកគេប្រមូលផ្តុំគ្នាមុនចេញធ្វើសកម្មភាព និងជាភូមិសាស្ត្រលាក់ទុកអាវុធអាកា២ដើមនោះ ។
ក្រោយពេលចាប់ឃាត់ខ្លួន ជនសង្ស័យ៧នាក់ត្រូវបានសមត្ថកិច្ចនាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ហើយពួកគេកំពុងស្ថិតក្រោមការសាកសួរយកចម្លើយយ៉ាងយកចិត្តទុកដាក់ថែមទៀត ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិព្រៃក្រាយ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមចោរប្លន់មានគ្នាចំនួន៧នាក់ និងប្រដាប់ដោយកាំភ្លើងអាកា៦ដើម ព្រមទាំងកណ្ដៀវច្រូតស្រូវផង បានចូលធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋដល់ក្នុងផ្ទះ ដោយពេលទៅដល់ពួកចោរខាងលើបានចាប់ម្ចាស់ផ្ទះ២នាក់ប្ដីប្រពន្ធ និងកូន២នាក់ទៀតចងស្លាបសេក ព្រមទាំងយកស្កុតបិទមាត់ជាប់មិនឲ្យស្រែក រួចវាយបង្ខំឲ្យយកទ្រព្យសម្បត្តិមានតម្លៃ និងលុយកាកាក់ឲ្យពួកគេ មិនតែប៉ុណ្ណោះនៅក្នុងពេលនោះក្រុមចោរបានបាញ់ជាច្រើនគ្រាប់បណ្ដាលឲ្យបុរសម្នាក់ដែលត្រូវជាបងប្រុសជីដូនមួយរបស់ម្ចាស់ផ្ទះ និងជាប្រជាការពារភូមិ ២គ្រាប់រងរបួសធ្លាយពោះវៀន និងត្រូវដៃ ខណៈជនរងគ្រោះរូបនេះកាន់កាំភ្លើងខ្យល់១ដើម ចូលទៅជួយម្ចាស់ផ្ទះដែលជាប្អូន ។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ម្ចាស់ផ្ទះរងគ្រោះខាងលើ ប្ដីឈ្មោះ កែម កន អាយុ៤២ឆ្នាំ និងប្រពន្ធ ឈ្មោះ ភី ធឿន អាយុ៣៨ឆ្នាំ ពួកគាត់មានរោងម៉ាស៊ីនកិនស្រូវខ្នាតតូចមួយ ម៉ាស៊ីនបោកស្រូវ១គ្រឿង និងមានចិញ្ចឹមជ្រូកផងដែរ ។ ចំណែកប្រជាការពារភូមិរងគ្រោះឈ្មោះ រី សុភាព ហៅ គយ ប៉ន អាយុជាង៤៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុជាមួយគ្នា ៕