រាជធានីភ្នំពេញ៖សមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមដៃគ្នា ធ្វើការចុះបង្ក្រាបបទល្មើស នៅទូទាំងប្រទេស ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់បានចំនួន ២៨៤ករណី និងឃាត់ខ្លួនជនល្មើស បានចំនួន ៧៣៣នាក់ផងដែរ តែក្នុងរយៈពេលតែ ៨ថ្ងៃប៉ុណ្ណោះ ។
លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះថា ក្រោយពេលដែលសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមដៃគ្នា ក្នុងការចុះបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់ចាប់ពីថ្ងៃទី១មករា រហូតដល់ល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ ជាលទ្ធផលគឺបង្ក្រាបបានចំនួន ២៨៤ករណី (ប្រើប្រាស់ និងជួញដូរ) និងឃាត់ខ្លួនជនល្មើសបានចំនួន ៧៣៣នាក់ ក្នុងនោះមានស្ត្រីប្រមាណ ៥ភាគរយ ។
លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានមានប្រសាសន៍បន្តថា ”បន្ទាប់ពីបានធ្វើការបង្ក្រាប ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀននេះ យើងឃើញថា ករណីនេះមានការកើនឡើង ជាងរាល់ថ្ងៃ ព្រោះកន្លងមកក្នុងមួយថ្ងៃ យើងបង្ក្រាបបានតែ ១០ករណីប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ យើងនៅមិនទាន់បានកំណត់ មុខសញ្ញាជួញដូរគ្រឿងញៀនធំៗ នៅឡើយទេ៕