ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ស្នងការនគរបាលខេត្តបាត់ដំបងបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិមន្ត្រីនគរបាលជាតិសរុបចំនួន៩៤នាក់នៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡរួមមាន៖ប្រកាសផ្ទេរភារកិច្ចចំនួន២៩នាក់ ថ្នាក់អនុសេនីយ៍ទោ ៨នាក់ ថ្នាក់អនុសេនីយ៍ត្រី៣៤នាក់ និងថ្នាក់ព្រិន្ទបាលទោចំនួន២៣នាក់។
ថ្លែងក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ត្រី ថី សុខុម ស្នងការរងនិងជាតំណាងឯកឧត្តម ស ថេត ស្នងការនគរបាល ខេត្តបាត់ដំបងបានមានមតិផ្តាំផ្ញើរទៅអស់លោកនិងលោកស្រី ដែលត្រូវបានទទួលការតែងតាំង មុខតំណែង និងបំពាក់ឋានន្តរសក្ដិពេលនេះត្រូវរួមកម្លាំងសាមគ្គីគ្នា ធ្វើឲ្យប្រទេសជាតិមានស្ថេរភាពសុវត្ថិភាពសណ្តាប់ធ្នាប់ពិសេសត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពសិទ្ធិមនុស្ស គ្រប់ភារកិច្ចដែលយើងអនុវត្ត ត្រូវស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ ។
លោកឧត្ដមសេនីយ៍ បានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំពិសេស សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានដំឡើងឋានៈ និងតួនាទីរបស់យើងនៅក្នុងថ្ងៃនេះ ត្រូវយកចិត្តទុកដាក់បំពេញតួនាទីធ្វើយ៉ាងណាទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនានាដែលកើតមាននៅតាមមូលដ្ឋានរបស់ខ្លួនជាពិសេសត្រូវទប់ស្កាត់ការចរាចរណ៍គ្រឿងញៀន។
គួរបញ្ជាក់ថាពិធីបំពាក់ឋានន្តរសក្ដិនិងតែងតាំងមុខតំណែងដល់មន្ត្រីនគរបាលជាតិសរុបចំនួន៩៤នាក់ បានធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ថី សុខុម ស្នងការរង និងជាតំណាងឯកឧត្តម ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានប្រព្រឹត្តធ្វើឡើងនៅរសៀលថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៧នៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡដែលមកពីស្រុកចំនួនបី រួមមាន ស្រុកគាស់ក្រឡ ស្រុកមោងឬស្សី និងស្រុករុក្ខគីរី៕