ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់មេការសំណង់ម្នាក់ តាមពាក្យបណ្ដឹងរបស់ បុរសម្នាក់ដោយបានចោទប្រកាន់ថា បានបោកយកលុយរបស់គាត់ចំនួន២ពាន់ដុល្លារ ដោយមានកិច្ចសន្យា ព្រមព្រៀងថា ធ្វើផ្ទះឲ្យ ហើយក្រោយពេលទទួលបានលុយដល់ដៃ មិនព្រមធ្វើតាមកិច្ច សន្យានោះឡើយ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជនសង្ស័យខាងលើនោះឈ្មោះ ស៊ី ថា អាយុ ប្រហែល៣០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកឯជនរងគ្រោះឈ្មោះ ខាន់ ស្រស់ ណា អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នានោះដែរ។
ប្រភពរាយការណ៍ថា
ស្ត្រីជាជនរងគ្រោះ កាលពី៩ ថ្ងៃមុន បានទាក់ទង ជាមួយជន សង្ស័យដើម្បីឲ្យ ជននោះធ្វើផ្ទះឲ្យ ហើយបាននិយាយ ត្រូវរ៉ូវគ្នាក្នុង តម្លៃ១៣,០០០ដុល្លារ ហើយជនរង គ្រោះបានកក់លុយមុន ចំនួន២ពាន់ដុល្លារ ដោយជនកំហូចនោះ បានប្រាប់នាងម្ចាស់ថា ចង់ធ្វើនៅថ្ងៃណាខលប្រាប់ ខ្លួននិងទៅធ្វើឲ្យ ពេលនោះជនរងគ្រោះបានទៅមើលហោរាទស្សន៏ទាយពីថ្ងៃល្អ ហើយគ្រូបានប្រាប់ថាថ្ងៃច័ន្ច គឺជាថ្ងៃល្អ បន្ទាប់មកជនរងគ្រោះបានប្រាប់ឲ្យជននោះទៅធ្វើផ្ទះនៅថ្ងៃច័ន្ចទី២ ខែមករា ឆ្នាំ២០១៧ ពេលនោះជនខាងលើក៏បានទៅ ប៉ុន្តែទើបតែកាប់រណ្ដៅបាន២រណ្ដៅប៉ុណ្ណោះ ឯសម្ភារៈសំណង់ក៏មិនឃើញដឹកចូលទៅ ទីតាំងដែលត្រូវធ្វើឡើយ ហើយជនឆបោកខាងលើ បានទាមទារឲ្យជនរងគ្រោះកក់លុយចំនួន៥ ពាន់ដុល្លារបន្ថែមទៀត ទើបធ្វើឲ្យ បើមិនដូច្នេះទេ លុយកក់២ពាន់ដុល្លារនោះនីងត្រូវដាច់ ហើយខ្លួនក៏មិនធ្វើ ឡើយ។
ដោយសារតែមើលឃើញពីទង្វើបោកស្រស់ៗពេក ជនរងគ្រោះក៏បានប្ដឹងឲ្យនគរបាលចុះទៅចាប់ ខ្លួនតែម្ដង ហើយពេលចុះទៅដល់ ជននោះរួមនឹងសាច់ញាតិ បានឡូឡាដាក់នគរបាល ព្រមទាំងចង្អុលមុខ និងគំរាមប្ដឹងនគរបាលថែមទៀតផង ដោយអាងមានបងប្រុសជាមន្ត្រីស័ក្ដិ៥នៅពីក្រោយខ្នង ។
ក្រោយមកទើបនគរបាល ប៉ុស្តិ៍ចោមចៅចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនមេការ សំណង់នោះ នាំទៅសាកសួរនៅ ប៉ុស្ដិ៍ដើម្បីដោះស្រាយ៕
ឃាត់ខ្លួនមេការសំណង់ម្នាក់តាមពាក្យបណ្តឹងករណីឆបោក