​ឃាត់ខ្លួន​ជន​ទំនើង​ម្នាក់តាម​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​ករណី​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​ទៅតុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

ក្រចេះ​៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ស្ថាប័ន​អយ្យា​ការណ៍​អម​សាលាដំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​នឹង​ការ​ណី ហឹ​ង្សា​ដោយមាន​ចេតនា ។
​នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា យុវជន​ម្នាក់ ព្យាយាម​រត់គេចខ្លួន ក្រោយពី​រូបគេ​បាន​បង្ករ​ឲ្យ​មាន​របួសស្នាម​ទៅលើ​អ្នកដទៃ ប៉ុន្តែ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍ សហការ​ជាមួយ​ប្រជា​ការពារ ចាប់​ឃាត់​បាន ។ នៅ​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ មានកម្ម​វិធី​រាំ​កំសាន្ត​លេង នៅក្នុង​ភូមិ ដែល​គេ​ហៅថា​ជា​ពិធីបុណ្យ​កំសាន្ត​ភូមិ ។
​ខណៈដែល​ប្រជាពលរដ្ឋ ចាស់ ក្មេង កំពុងតែ​រាំលេង​សប្បាយរីករាយ ក៏​កើត​មានការ​វាយតប​គ្នា បង្ករ​ឲ្យ​មានការ​ភ្ញាក់​ភ្អើ​ល​ឈូរ​ឆរ​កើតឡើង ដោយ​ឈ្មោះ ស៊ឹង សុខ​ជាង ហៅ ញ៉ា​ញ់ (​ជនបង្ករ​) បាន​ស្ទុះ​វាយ​ទៅលើ​ឈ្មោះ សឿង ង៉េ​ត ចំនួន​ពីរ​ស្នាប់ដៃ ត្រូវចំ​ស្មារ បណ្ដាល​ឲ្យ​ដួល​ទៅនឹង​ដី ។ ពេលនោះ ឈ្មោះ ផាន សុខឿន ក៏បាន​ចូលទៅ​ឃាត់​កុំអោយ​វៃ​គ្នា ប៉ុន្តែ​ត្រូវបាន​ជនបង្ករ វាយ​មកលើ​ខ្លួន​ចំនួន ៣​ស្នាប់ដៃ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ។ បន្ទាប់មក​ឈ្មោះ មាំ មូល ក៏​ចូលទៅ​ឃាត់​ទៀត ប៉ុន្តែ​ត្រូវ​ជនបង្ករ​វាយ​ឡើង​ទ្រោម​ខ្លួន ។ ឃើញ​ហេតុការណ៍​ដូច្នេះ ប្រជាពលរដ្ឋ​ក៏បាន​រួមគ្នា ចាប់​ឃាត់ និង​ព្រួត​វាយតប​ទៅលើ​ជនបង្ក បណ្ដាល​ឲ្យ​របួស​ដៃ និង​ក្បាល ហើយ​ជនបង្ករ​ក៏​ព្យាយាម​រត់គេចខ្លួន​ទៅ​ពួន​លើផ្ទះ​អ្នកស្រុក ។​
​សមត្ថកិច្ច បាន​បន្តទៀតថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​អំពី​ហេតុការណ៍​ខាងលើ កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ឹង សុខ​ជាង ហៅ ញ៉ា​ញ់ (​ជនបង្ករ​) មក​ធ្វើការ​សាកសួរ ដោយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើ​ស្នាប់ដៃ វាយ​ទៅលើ​ជនរងគ្រោះ​ទាំងបី​នាក់​នោះ​ពិតមែន ។​
​លោក គុណ សុ​ភ័​ណ្ឌ ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា​នេះ​ថា ជនសង្ស័យ​មានឈ្មោះ ស៊ឹង សុខ​ជាង ហៅ ញ៉ា​ញ់ (​ជនបង្ករ​) ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ចំនុច​កោះ​ជ្រឹម ភូមិ​ខ្សាច់​លាវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្ត នឹង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

15995480_1818660181705877_2043317593_n15995902_1818660195039209_940907929_n