ខេត្តកំពង់ស្ពឺ៖នគរបាលស្រុកឧដុង្គ នៅព្រឹកថ្ងៃទី១៦ មករា ២០១៧នេះ បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់នៅមន្ទីរពេទ្យបង្អែកឧដុង្គ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះទាក់ទងចាប់ក្មេងស្រីរំលោភមិនបានសម្រេច។
បុរសសង្ស័យឈ្មោះ សេង ហន អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិខ្នុលអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឆ្លើយសារភាពមុខសមត្ថកិច្ចថា កាលពីថ្ងៃទី១៥ មករា វេលាម៉ោង០៧ និង១០នាទីយប់ ខ្លួនបានបបួលឪពុកក្មេងស្រីមានអាយុ១៧ឆ្នាំម្នាក់ ផឹកស្រា.សតាំងពីថ្ងៃ រហូតទាល់តែឪពុកក្មេងស្រីស្រវឹងសន្លប់បាត់មាត់ឈឹង ។
ជនសង្ស័យបន្តថា ដោយឃើញឱកាសល្អខ្លួន ក៏ធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រី ដោយផ្តួលពីលើខ្លួនប្រុងចាប់រំលោភសេពសន្ថវៈ តែមិនទាន់បានស៊ីជម្រៅផងនោះទេ ក៏ត្រូវម្តាយក្មេងស្រីមកទាន់ យកពូថៅកាប់ពីក្រោយ២ពូថៅចំក្បាល បណ្តាលឱ្យសន្លប់ ហើយត្រូវបានអ្នកជិតខាង ដឹកយកទៅពេទ្យបង្អែកស្រុកឧដុង្គតែម្តង។ ជនសង្ស័យបន្តថា ពេលកំពុងដេកនៅមន្ទីរពេទ្យ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយនាំមកកាន់នៅប៉ុស្តិ៍រដ្ឋបាលវាំងចាស់តែម្តង៕