ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋចំនួន៦០នាក់រស់នៅក្នុងសង្កាត់អូរចារក្រុងបាត់ដំបងបានផ្ទុះការតវ៉ា ខណះដែលលោក ប៉ង់ ចាន់សុយុទ្ធារាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះអនុវត្តសាលក្រមសំណុំរឿងរដ្ឋប្បវេណី។
ហេតុការណ៍ផ្ទុះការតវ៉ាខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧នៅចំណុចលើដីទំនាស់ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង និងបន្តហែរក្បួនមកកាន់សាលាសង្កាត់អូរចារខណះដែលលោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងចុះអនុវត្តសាលក្រមសំណុំរឿងរដ្ឋប្បវេណីលេខ ១៥០ (ជ) ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ របស់លោក យាប់ មេត្តាចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង។ ដែលខ្លឹមសារបង្គាប់ឲ្យចុងចម្លើយឈ្មោះថ្លាងលឹមម៉ុងជាតំណាងសាលាបឋមសិក្សា ហ៊ុន សែនអូរចារត្រូវធ្វើនិតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធនៃដីដែលមានប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុលេខ០២០៣០៩០១-០៥៩៦មកឲ្យដើមចោទឈ្មោះ សៅ ប៊ុនទិត្យ ដោយមូលហេតុរំលាយកិច្ចសន្យាខ្ចីដីនិងបង្គាប់ឲ្យចុងចម្លើយប្រគល់ដីដែលមានប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុលេខ ០២០៣០៩០១-០៥៩៦ មកឲ្យដើមចោទវិញ ។
-ប្រជាពលរដ្ឋប្រមាណ៦០នាក់ បានមកប្រមូលផ្តុំគ្នាទាមទារដីអតីតសាលាមត្តេយ្យអូរចារទំហំ ៤០x៤០ម៉ែត្រធ្វើជាទ្រព្យសម្បត្តិរដ្ឋរួមដោយសំអាងថាដីនេះកន្លងមកគឺបានសង់ជាសាលាសំរាប់ក្មេងៗរៀនមិនមែនជាកម្មសិទ្ធិរបស់នណាម្នាក់នោះទេហើយបើសិនជារដ្ឋត្រូវការយកទៅធ្វើជាសាលារៀនឬជាមណ្ឌលសុខភាពពួកគាត់យល់ព្រមតែបើសិនយកទៅអោយបុគ្គលឈ្មោះសៅប៊ុនទិត្យគឺពួកគាត់ប្រឆាំងដាច់ខាត។
ចំណែកលោកសៅ ប៊ុនទិត្យ ជាដើមចោទបាននិយាយប្រាប់អ្នកយកព័ត៌មានថាដីទំហំ៤០x៤០ម៉ែត្រដែលលោកទាមទាយកនេះគឺជាដីរបស់យាយលោកដែលបានសរសេរលិខិតបណ្តាំទុកអោយដោយដីនេះកន្លងមកក្នុងឆ្នាំ១៩៨៦ត្រូវបានលោកកឹម ឆងជាមេឃុំបានខ្ចីដីដែលមានភិនភាគខាងលើដើម្បីសាងសង់សាលាមត្តេយ្យអូរចារដោយមានកិច្ចសន្យាខ្ចីរយះពេល១៥ឆ្នាំ។រហូតមកដល់ពេលនេះការខ្ចីដីមានរយះពេលជាង៣១ឆ្នាំដោយឃើញថាដីបច្ចុប្បន្ននេះទំនេរ ហើយសាលារៀនគ្មានដំណើរការអគារមានសភាពបាក់បែកអស់ហើយលោកជាមន្ត្រីនគរបាលស្នាក់នៅក្នុងប៉ុស្តិ៍ពុំមានដីនៅដោយមានសមាជិកច្រើនលោកក៍បានដាក់ពាក្យបណ្តឹងមកតុលាការស្នើសុំចេញសាលាក្រមយកដីមកវិញ។
លោក កឹម ឆង ជាមេឃុំបានប្រាប់ផងដែរថាដីទំហំ៤០x៤០ម៉ែត្រលោកពិតជាបានខ្ចីពីលោកយាយពៅ ឱក ពិតប្រាកដមែនកាលពីឆ្នាំ១៩៨៤ដោយមានកិច្ចសន្យាខ្ចីរយះពេល១៥ឆ្នាំដើម្បីយកមកសាងសង់ជាសាលាមត្តេយ្យសំរាប់អោយក្មេងៗបានរៀនសូត្រ៕
ពលរដ្ឋផ្ទុះការតវ៉ា ខណៈតុលាការចុះអនុវត្តសាលក្រម