រាជធានីភ្នំពេញ៖វប្បធម៌សន្ទនា ដែលរៀបចំផ្គូរផ្គងដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី អាចនឹងត្រូវបញ្ចប់ម្តងទៀត ប្រសិនបើពុំមានជំនួបរវាងសម្តេចក្រឡាហោម ស ខេង និងលោក កឹម សុខា នាពេលខាងមុខនោះទេ ។ ទន្ទឹមនោះអ្នកនាំពាក្យរដ្ឋសភាបានប្រាប់សារព័ត៌មានក្នុងស្រុកថា ការជួបគ្នារវាងសម្តេចក្រឡាហោម ស ខេង និង លោក កឹម សុខា ដែលភាគីទាំងពីរកំណត់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នោះត្រូវបានលើកពេលហើយ ។ ហើយការលើកពេលនោះពុំមានកំណត់នោះទេ ។
ទាក់ទិនករណីនេះ លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានអះអាងថា ការដែលសម្តេចក្រឡាហោម ស ខេង សម្រេចលើកពេលជួបចរចាជាមួយ លោក កឹម សុខា ដោយមិនកំណត់នោះ គឺសម្តេចទុកពេលឱ្យរដ្ឋសភាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មាត្រា៤៨ថ្មី(បី) ជាមុនសិន ។
គួរម្លឹកថា តាមគម្រោងប្រធានថ្នាក់ដឹកនាំតំណាងនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោជាតិ គ្រោងនឹងជួប ពិភាក្សាគ្នានៅព្រឹក ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។ ទន្ទឹមនោះកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សទាំងពីរ បានផ្ញើលិខិតដាក់របៀបវារៈជូនគ្នាទៅវិញទៅមក រហូតដល់ថ្ងៃទី១៦ ខែមករា ម្សិលមិញនេះ ថ្នាក់ដឹកនាំតំណាងរាស្ត្រភាគច្រើន បានកំណត់ពេលជួបគ្នានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដើម្បីពិភាក្សាលើរបៀបវារៈដែលមានការព្រមព្រៀងគ្នា។ លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង ក៏បានព្យាយាមលើកយកបញ្ហានៅដែន សមត្ថកិច្ចរបស់តុលាការ ដើម្បីជជែកជាមួយសម្តេចក្រឡាហោម ប៉ុន្តែរបៀបវារៈនេះត្រូវបានទាត់ចោលទៅវិញ។
យ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ចេញពីទីក្រុង Zurich ប្រទេសស្វីលថា បើយន្តការដែលទើបបង្កើតឡើងតាមរយៈ ប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពិបាកក្នុងការធ្វើការរួមទាំងប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការផងនោះ សម្តេចស្នើឲ្យធ្វើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីលុបចោល «ប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ ។
សូមបញ្ជាក់ថា ប្រសិនការធ្វើវិសោធនកម្មបានដោយជោគជ័យនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងត្រូវបានបាត់បង់តួនាទី ជាប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រគណប្សសង្គ្រោះជាតិ ដែលទើបនឹងទទួលបានកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគកំពុងមើលឃើញថា បញ្ហាវប្បធម៌សន្ទនាអាចនឹងត្រូវបញ្ចប់ប្រសិនបើក្រុមលោក កឹម សុខា ជំទាស់ទៅនឹងការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងប្រការ ៤៨ ថ្មី ខណដែលបក្សប្រឆាំងនោះតែទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សមន្ត្រី គ.ជ.ប រួមទាំងអ្នកគាំទ្រ ។
ប្រសិនបើបញ្ចប់វប្បធម៌សន្ទនាមែននោះ គឺជាលើកទី២ ហើយដែលវប្បធម៌នេះ ត្រូវបានបិទទ្វារ ហើយរាល់ការបិទទ្វារម្តងៗ កម្តៅនយោបាយក៏ផ្ទុះឡើងភ្លាមៗផងដែរ៕