អាជ្ញាធរ​មីន​សម្រេចផ្អាក​ការដោះមីន​នៅ​តំបន់​ដែល​ផ្ទុះ​ស្លាប់​បុគ្គលិក​​បន្តបន្ទាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2017 ក+ ក-

ខេត្ត​ប៉ៃលិន​៖​អាជ្ញាធរ​មីន​កម្ពុជា បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ការដោះមីន​នៅ​តំបន់​ដែល​ផ្ទុះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើការ​ស៊ើបអង្កេតរ​កមូ​ល​ហេតុ​ពិត​ដែល​បណ្តាល​ឲ្យ​ផ្ទុះ​មីន​សម្លាប់ មនុស្ស​នោះ​។​
​សូមជម្រាបថា រយៈពេល​៤​ថ្ងៃ​ចុង​ក្រោយនេះ ករណី​ផ្ទះ​មីន​បាន​កើតឡើង​២​ករណី បណ្តាល​ឲ្យ​បុគ្គលិក​ដោះមីន របស់​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៣​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​ម្នាក់​រងរបួស​ធ្ងន់​។ ករណី​ផ្ទុះ​មីន​នេះ កើតឡើង នៅ​តំបន់​អតីត​សមរភូមិ​សង្គ្រាម​ក្តៅ រវាង​កងទ័ព​រដ្ឋាភិបាល​កម្ពុជា និង​កងទ័ព​ខ្មែរក្រហម នៅ​ទឹកដី​ខេត្ត​ប៉ៃលិន​។​
​លោក​ទេសរដ្ឋមន្ត្រី សិរី កុសល អុន​ប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា បាន​ណែនាំ​ឲ្យ​អង្គ​ការដែល​ប្រតិបត្តិការ លើ​ការដោះមីន​នៅ​តំបន់​នោះ បង្កើត​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ព្រោះ​តំបន់​នោះ​ជា សមរភូមិ​ស្មុគស្មាញ ដែល​ទាមទារ​នូវ​ការប្រើប្រាស់​ឧបករណ៍​ទំនើប និង​គ្រឿងចក្រ​ផងដែរ​។​
​លោក សេរី​កុល បាន​បញ្ជាក់ថា អាជ្ញាធរ​មីន ក៏​នឹង​ពង្រឹង​សតិអារម្មណ៍ ក្រុម​ដោះមីន​ឡើងវិញ បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ ប្តូរ​ក្រុម​ចាស់​ទៅក្រោយ​សំរាក​មួយរយៈ ពង្រឹងស្មារតី បច្ចេកទេស ពិនិត្យ​ដោះស្រាយ​ការធ្វើ​បុណ្យ​តាម​ប្រពៃណី រួមទាំង​គោលនយោបាយ​ដល់​គ្រួសារ​សព​ផងដែរ ។ លើសពីនេះ​អាជ្ញាធរ​មីន នឹង​ពិនិត្យ​ដាក់​ក្រុម​ថ្មី មក​ជំនួស​ក្រុម​ចាស់ ដែលមាន​ឧបទ្ទវហេតុ និង ចុងក្រោយ​បូកសរុប ធ្វើការ​សន្និដ្ឋាន និង​ចេញ​សេចក្តីថ្លែងការណ៍ ក្រោយ​បាន​រាយការណ៍ ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជ្រាប​និង​សំរេច​ជាមុន​៕

fn-2017-01-18-08-56-52-0