ខេត្តកំពត៖កម្លាំងនគរបាលស្រុកកំពង់ត្រាចបានចាប់ខ្លួនប្ដីអប្រិយផឹកស្រាស្រវឹងរាល់ថ្ងៃ បង្កជាភ្លើងប្រច័ណ្ឌ វាយធ្វើទារុណកម្មប្រពន្ធកូនយ៉ាងឃោរឃៅ ដែលអំពើហិង្សានេះកើតឡើងនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ នៅភូមិកោះត្រាច ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ពេជ គិ អាយុ៣៣ឆ្នាំ (ធ្លាប់មានប្តីម្តង និងមានកូន២នាក់) រងរបួសពេញផ្ទៃមុខ និងស្នាមខ្សែរឹតក ស្នាមខ្សែរឹតកដៃ ទាំងសងខាង។ ដោយឡែកជនបង្កជាប្ដី ឈ្មោះ អួន យន អាយុ៣១ឆ្នាំ។
នគរបាលបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះ បណ្ដាលមកពី ប្ដីមកពីផឹកស៊ីស្រវឹង ហើយប្រពន្ធមិននៅផ្ទះ ទើបបង្កជាភ្លើងប្រច័ណ្ឌ ប៉ុន្ដែប្រពន្ធមិននៅផ្ទះ ព្រោះជាប់រវល់ទៅមើលកូនឈឺ។
ក្រោយបង្កហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លូន បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕