ទំនាក់ទំនង​រវាង​ចិន និង​ហ្វីលីពីន​កំពុង​ត្រូវបាន​ពង្រឹង​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2017 ក+ ក-

​ហ្វីលីពីន​៖​ខណៈពេលដែល​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​កំពុង​ត្រូវបាន​ពង្រឹង​នោះ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បានក្លាយ​ទៅជា​ផ្នែក​មួយ​ដ៏​តូច​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ និង​គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​សន្តិវិធី​ដោយ​ការបន្ត​សន្ទនា​និង​ពិគ្រោះ​យោបល់​គ្នា​។ នេះ​បើតាម​ការលើកឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying ។​
​លោកស្រី​Hua​បានលើកឡើង​បែបនេះ​នៅពេល​ឆ្លើយតប​ទៅនឹង​សំណួរ​នៅ​សន្និសីទកាសែត​មួយ​អំឡុង​ការធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Liu Zhenmin​។​
​បើ​យោងតាម​លោកស្រី Hua បាន​ឲ្យ​ដឹងថា លោក Liu បាន​បំពេញ​ទស្សនកិច្ច​ប្រទេស​ហ្វីលីពីន​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ពុធ​ហើយ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ភាគី​ទាំងពីរ​បានធ្វើ​ការផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ដោយស្មោះ​ត្រង់​និង​ស៊ីជម្រៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​ឈានដល់​ការមូល​មតិ​គ្នា​ដ៏​ទូលំទូលាយ​។​
​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ថា បើ​ប្រៀបធៀប​ទៅនឹង​ទំនាក់ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ដែល​កំពុង​ពង្រឹង​នោះ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​ទំនាក់ទំនង​របស់​យើង​ហើយ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​ដោយ​ការបន្ត​កិច្ចសន្ទនា​និង​ការពិគ្រោះ​យោបល់​គ្នា​។​
​លោកស្រី Hua បាន​និយាយទៀតថា ទោះបីជា​យ៉ាងណាក៏ដោយ មុននឹង​បញ្ហា​ដែល​ពាក់ព័ន្ធ​ត្រូវបាន​ដោះស្រាយ​នោះ ចិន​និង​ហ្វីលីពីន​គួរតែ​គ្រប់គ្រង​ភាពខុសគ្នា​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​តាម​សមុទ្រ​ក្នុង​គោលបំណង​ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​លក្ខណៈ​ដែលមាន​សន្តិសុខ​ល្អ​និង​មាន​ស្ថិរភាព​។​
​លោកស្រី Hua បាន​កត់សម្គាល់ថា ប្រទេស​ចិន​និង​ហ្វីលីពីន​បាន​ព្រមព្រៀងគ្នា​ដើម្បី​ធ្វើការ​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដើម្បី​អនុវត្តន៍​ឲ្យ​បាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព​នៃ​សេចក្តីប្រកាស​ស្តីពី​ការអនុវត្តន៍ (DOC) របស់​ភាគី​នានា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​លើកកម្ពស់​យ៉ាងសកម្ម​លើ​ការពិគ្រោះ​យោបល់​ស្តីពី​ក្រម​ប្រតិបត្តិ (COC) ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
​លោកស្រី Hua បាន​បញ្ជាក់ថា “​លើសពីនេះ​ទៀត ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ហើយ​បើក​ការពិភាក្សា​និង​ពិគ្រោះ​យោបល់​លើ​ការចែករំលែក​ក្តី​ព្រួយបារម្ភ​និង​លើកកម្ពស់​សុវត្ថិភាព​និង​កិច្ចសហប្រតិបត្តិការ​តាម​សមុទ្រ​”៕

download-12