ម៉ាឡេស៊ី​ចាប់​មនុស្ស​៤​នាក់​សង្ស័យ​បណ្តា​ញ ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2017 ក+ ក-

​គូ​ឡា​ឡាំ​ពួរ​៖​មនុស្ស​៤​នាក់ ក្នុងនោះ​មាន​ជនបរទេស​៣​នាក់​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​ដោយ​ជាប់ សង្ស័យ​ពាក់ព័ន្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ ISIS មាន​មូលដ្ឋាន​នៅ​តំបន់​ភាគខាងត្បូង ប្រទេស​ហ្វីលីពីន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia​។​
​ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើ​រួមមាន ជនជាតិ​ហ្វីលីពីន​ម្នាក់ អាយុ​៣១​ឆ្នាំ ជនជាតិ​បង់​ក្លា​ដែ​ស​២​នាក់ អាយុ​២៧​ឆ្នាំ និង​២៨​ឆ្នាំ ព្រមទាំង​ស្ត្រី​ម្នាក់​មាន​អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ម៉ាឡេស៊ី​។ ពួកគេ​ទាំងនេះ​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ទីក្រុង សា​បាស (Sabah) និង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ នៅ​ចន្លោះ ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៩ ខែមករា កន្លងទៅនេះ ក្រោម​បទ​សង្ស័យ​ជាប់​ទាក់ទិន​នឹង​ក្រុម ISIS ក្នុងការ​រៀបចំ​គំរោង​បង្កើត​ចំណុច​ឆ្លងកាត់​សម្រាប់​ក្រុម​ភេរ​វករ ពី​តំបន់​មជ្ឈិមបូព៌ា មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ឆ្ពោះទៅកាន់​កោះ​មិន​ដា​ណាវ នៃ​ប្រទេស​ហ្វី​ពី​ន​។​
​ប៉ូលិស​ម៉ាឡេស៊ី​បាន​បញ្ជាក់ថា ខ្សែបណ្ដាញ​ក្រុម ISIS ថ្មី​នេះ​មាន​មូលដ្ឋាន​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​សាស្ត្រាចារ្យ​ម្នាក់​មកពី​សាកលវិទ្យាល័យ Malaya មាន​ឈ្មោះថា Mahmud Ahmad ដែល​បាន​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​ឧទ្ទាម Abu Sayyaf៕

fn-2017-01-23-23-31-33-0