ចិន​បង្ហាញ​ឆន្ទៈ​ចង់​ជជែក​ជាមួយ​រដ្ឋបាល​ថ្មី​របស់​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017 ក+ ក-

​ប៉េកាំង​៖​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​លើកឡើងថា ចិន​ចង់​ជជែក​ជាមួយ​រដ្ឋបាល​ថ្មី​របស់​អាមេរិក និង​មាន​ឆន្ទៈ​បង្កើន​ទំនុក​ចិត្តនឹង​គ្នា ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ គ្រប់គ្រង​ជម្លោះ និង​ជំរុញ​ទំនាក់ទំនង​ប្រកបដោយ​សុខមាលភាព​រវាង​ចិន និង​អាមេរិក ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ទាំងពីរ​ប្រទេស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​ថ្លែង​ក្នុង​ពិធី​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​សម្រាប់​ជនជាតិ​ចិន​លោក​រដ្ឋមន្ត្រីការបរទេស លើកឡើងថា ទិសដៅ​អនាគត​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក បាន​ទាក់ទាញ់​ចំណាប់អារម្មណ៍​។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា ប្រទេស​ចិន​ចង់​ជជែក​ជាមួយ​រដ្ឋបាល​ថ្មី​របស់​អាមេរិក ដើម្បី​គ្រប់គ្រង​ជម្លោះ និង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ប៉ុន្តែ​ត្រូវ​ឈរលើ​មូលដ្ឋាន​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក ដូចជា គោលការណ៍ “​ចិន​តែមួយ​”​។
​គួរ​បញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​ទើបតែ​ឡើងកាន់តំណែង​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នោះ បានធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​អាក់អន់ស្រពន់ចិត្ត នៅមុន​ការឡើង​កាន់តំណែង​ជា​ផ្លូវការ ដោយបាន​បង្ហាញ​មន្ទិលសង្ស័យ​ចំពោះ​ការប្រកាន់យក​គោលការណ៍ “​ចិន​តែមួយ​” ពី​សំណាក់​ក្រុង​វ៉ា​ស៊ី​ង​តោន ចំពោះ​ដែនដី​កោះ​តៃវ៉ាន់​៕

1