តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោកស្រី ទេព វ​ន្នី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧​នេះ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ ក្នុង​ពន្ធនាគារ​ដដែល​ដោយ​ទុក​លទ្ធភាព​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​នីតិវិធី​។ ការ​ម្រេច​នេះ​ធ្វើឡើង​ដោយ​លោកស្រី គិ​ម ស​ត្ថា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ ។​
​លោកស្រី ទេព វ​ន្នី ត្រូវបាន​តុលាការ​ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅក្បែរ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣​។ ទន្ទឹមនេះ​លោកស្រី ទេព វ​ន្នី នៅមាន​ពីរ​ករណី​ផ្សេងទៀត​នៅ​ស្ថាប័ន​តុលាការ ដូចជា​ករណី​ទី​១ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ករណី​ទី​ពីរ បទល្មើស​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស ជាដើម​។​
​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កែប្រែ​បទចោទប្រកាន់​លើ​ស្ត្រី​បឹងកក់​ពីរ​នាក់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា​ជា​ចលនា​បដិវត្តន៍​ពណ៌ មកជា​បទ «​ប្រមាថ​» វិញ​។ តុលាការ​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​បឹងកក់​ទាំងពីរ​នាក់ ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​៦​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​៨​ម៉ឺន​រៀល ពីបទ «​ប្រមាថ​» តាម​មាត្រា​៥០២​នៃ​ក្រមព្រហ្មទណ្ឌ​។ ក្រោយ​ការសម្រេច​នេះ អ្នកស្រី បូ​វ សោភា ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​យប់​ថ្ងៃទី​២២ ខែសីហា​៕

fn-2017-01-25-08-57-44-0