ខេត្តបន្ទាយមានជ័យ៖ស្ត្រីអ្នករកស៊ីប្តូរប្រាក់ និងវេលុយវីងត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពយកលុយដុល្លារឆេងមេងសែនខ្មោចក្រដាស១០០ដុល្លារចំនួន៧៩សន្លឹកស្មើនិង៧.៩០០ដុល្លារទៅដូរយកប្រាក់ខែ្មរ២០លានរៀល រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីនេះកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅផ្ទះប្តូរប្រាក់ និងបើកវីងវេរប្រាក់ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅបានឲ្យដឹងថាជនរងគ្រោះជាម្ចាស់ប្តូរប្រាក់មានឈ្មោះ ស្រេ មួយទៀង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរប្តូរប្រាក់ និងបើកវីងវេរប្រាក់។ លោកវរសេនីយ៍ត្រី ជា ពិសី បានបញ្ជាក់ឲ្យដឹងទៀតថាមុនពេលកើតហេតុនោះជនសង្ស័យមានគ្នា៦នាក់មានក្មេងម្នាក់ផងបានជិះរថយន្តវីហ្គោមកឈប់នៅមុខផ្ទះជនរងគ្រោះបានប្រើល្បិចយកលុយឆេងមេងសែនខ្មោចក្រកាស១០០ដុល្លា៧៩សន្លឹកស្មើនិង៧.៩០០ដុល្លារយកទៅដូរជាប្រាក់ខ្មែរចំនួន២០លានរៀល។ជនសង្ស័យក្រោយពីនិយាយត្រូវរូវជាមួយម្ចាស់ដូរលុយហើយក៏បាននាំម្ចាស់ដូរលុយទៅចំការដំឡូងខាងត្បូងផ្ទះចម្ងាយប្រហែល៧០០ម៉ែត្រ ពីផ្ទះជនរងគ្រោះក្រោយពីរាប់លុយឲ្យទៅអ្នកប្តូប្រាក់គ្រប់ចំនួនជនសង្ស័យបានទទួលលុយអ្នកប្តូរប្រាក់ចំនួន២០លានរៀលរួចមកក៏នាំគ្នាឡើងជិះរថយន្តវីហ្គោពណ៌ខ្មៅ គ្មានស្លាកលេខ គេចខ្លួនបាត់។មួយសន្ទះក្រោយមកម្ចាស់ប្តូរប្រាក់ពេលយកលុយដុល្លាយកមករាប់ពិនិត្យនៅផ្ទះទើបដឹងថាជាដុល្លាឆេងមេងសែនខ្មោចទៅក៏រត់ទៅប្តឹងអាវុធហត្ថនៅស្រុកអូរជ្រៅជួយធ្វើអន្តរាគមន៍។
លោកវរសេនីយ៍ត្រី ជា ពិសី បានឲ្យដឹងទៀតថាករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យទាំង៦នាក់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យទាល់តែបាន៕