ប្រជាពលរដ្ឋ​៦​ភូមិ​នាំគ្នា​តវ៉ា​យក​ដី​ពី​ក្រុមហ៊ុន​មួយ​នៅ​ស្រុក​ត្បូងឃ្មុំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ​៖​ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​មកពី​ចំនួន​៦​ភូមិ ក្នុង​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ប្រមូលគ្នា​មកជួបជុំ នៅ​វាល​ចំការ ភូមិ​ទួល​ថ្មី ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ដើម្បី​ធ្វើការ​តវ៉ា ទាមទារ​យក​ដីចំការ ដែល​ពួកគាត់​អះអាងថា បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩ (​ជា​ដីព្រៃ​នៅឡើយ​) ហើយ​ត្រូវ​ក្រុមហ៊ុន​មួយ​រំលោភ​យក​ធ្វើ​ការដាំ​ដើម​កៅស៊ូ ។​
​ការតវ៉ា​នេះ​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃទី​២០ មករា ២០១៧ រហូតមកដល់​ថ្ងៃទី​២៥ មករា ២០១៧ នៅ​មិនទាន់មាន​ចំណាត់ការ ដោះស្រាយ​ច្បាស់លាស់​នៅឡើយ ។​
​ចាប់តាំងពី​មានការ​ជួបជុំ​តវ៉ា​នេះ​មក គេ​ឃើញ​កងកំលាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថ ប្រមាណ​៤០​នាក់ មក​កន្លែងកើតហេតុ ក្នុងនោះ លោក សួស សេង​លី អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ បាន​បញ្ជាក់ថា សមត្ថកិច្ច កងកំលាំងប្រដាប់អាវុធ មក​ទីនេះ គឺ​ដើម្បី​រក្សា ការពារ សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ភាគី​ខាង​ក្រុមហ៊ុន ដោយ​សមត្ថកិច្ច​ខ្លាច​មាន​អំពើហិង្សា​កើតឡើង​តែប៉ុណ្ណោះ ពុំមាន​មករា​រាំង ការតវ៉ា​នេះ​ទេ ដោយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ និង​ភាគី​ក្រុមហ៊ុន ធ្វើការ​សំរុះសំរួល រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ។​
​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើការ​តវ៉ា បាន​បំភ្លឺ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ ដី​កើត​ហេតុនេះ សុទ្ធសឹងតែ​ដីព្រៃ​ទាំងអស់ ហើយ​ពួកគាត់​បាននាំគ្នា​ដាំ​ដំណាំ ដោះស្រាយ​ជីវភាព​រៀងៗ​ខ្លួន ។​
​រហូតដល់​ឆ្នាំ​១៩៩០ មាន​លោក​ឧ​ញ៉ា​ម្នាក់ និង​សហការី​របស់គាត់ បានមក​ធ្វើការ​ពន្យល់ ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​ផ្តិត​មរ​ដៃ សុំ​ធ្វើ​ប្លង់​កាន់កាប់​ដី​រៀងៗ​ខ្លួន តាម​ទំ​ហុំ​ដែល​កាន់កាប់​កន្លងមក ។​
​ក្រោយមក​ស្រាប់តែ​ក្រុមហ៊ុន​នោះ បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយដី ហើយ​ដាំ​កូន​កៅស៊ូ ដោយ​សំអាងថា ប្រជាពលរដ្ឋ​បាន​ស្ម​ក្រ័​ចិត្ត​ប្រគល់​ដី​នោះ​ជូន​រដ្ឋ​អស់ហើយ ពេលនោះ​រដ្ឋ​ត្រូវ​ដាំ​កៅស៊ូ ។​
​ដោយ​យល់ឃើញថា រដ្ឋ​ធ្វើការ​ដកយក​ដី​ដាំ​កៅស៊ូ ពួកគាត់​ក៍​ឈប់​តវ៉ា​ហើយ​ស្ងៀម រហូតដល់​វ​ថ្ងៃទី​២០ មករា ២០១៧ ស្រាប់តែ​ឃើញ​គ្រឿងចក្រ​មក​ឈូសឆាយ គាស់​រំលើង​ដើម​កៅស៊ូ​ចាស់ៗ​ចោល និង​ដាំ​ដើម​ស្វាយចន្ទី​ជំនួស​វិញ ។​
​ការដែល​ក្រុមហ៊ុន​កាប់​ដើម​កៅស៊ូ ដាំ​ស្វាយចន្ទី បែបនេះ ប្រជាពលរដ្ឋ​ទាំង​៦​ភូមិ​ខាងលើ ដែលជា​អ្នក​កាប់ឆ្កា​ព្រៃ ដី​កន្លែង​នេះ យល់ឃើញថា ការដាំ​ស្វាយចន្ទី ជា​របស់​ឯកជន មិនមែនជា​របស់​រដ្ឋ​ទេ ហេតុនេះ​ពួកគាត់​មក​តវ៉ា​សុំ​យក​ដី​របស់​ពួកគាត់ ដើម្បី​បង្កបង្កើនផល ចិញ្ចឹមជីវិត​តទៅទៀត ។​
​លោក សួស ស៊ា​ង​លី អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៥ មករា ២០១៧ នេះ​តំណាង​ក្រុមហ៊ុន បានមក​ជួប​ប្រជាពលរដ្ឋ នៅ​ដី​មានទំនាស់ ដើម្បី​ធ្វើការ​បំភ្លឺ និង​រក​ដំណោះស្រាយ តែ​ពុំទាន់​ទទួលលទ្ធផល​នោះទេ​៕

16357625_1824203464484882_155300683_o16325922_1824203507818211_1815366466_o16325562_1824203491151546_785807447_o16325418_1824203471151548_1884167344_o16244785_1824203511151544_1502200306_o16244568_1824203467818215_177671141_o