រាជធានីភ្នំពេញ៖តំណាងរាស្ដ្របក្សប្រឆាំង បានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ ឲ្យជួយរកយុត្តិធម៌ឲ្យស្ដ្រីរកស៊ីផ្លូវភេទម្នាក់ ដែលលង់ទឹកស្លាប់ដោយសាររត់គេច ពីការរៀបចំសណ្ដាប់ធ្នាប់ របស់ក្រុមសន្ដិសុខខណ្ឌដូនពេញ កាលពីពេលកន្លងទៅនេះ។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានគេរាយការណ៍ថា បានយល់ព្រមនិងឯកភាពលើលិខិតស្នើសុំរបស់តំណាងរាស្ត្រគណបក្សប្រឆាំង ដើម្បីបញ្ជូនទៅកាន់រដ្ឋមន្ត្រីទាំង៣ស្ថាប័ន។
ស្ត្រីម្នាក់ដែលគេស្គាល់ឈ្មោះ ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើត នៅភូមិពាលញែក២ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បានលង់ទឹកទន្លេស្លាប់ កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ខណៈដែលគាត់បានរត់គេចពីកម្លាំងប្រជាការពារខណ្ឌដូនពេញ រត់ឡើងទូកទេសចរណ៍មួយនៅមាត់ទន្លេ បណ្តាលឲ្យលង់ទឹកទន្លេស្លាប់ នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ៕