ដោយ៖ប៉ែន សុផល
បាត់ដំបង៖ទីតាំងសង្វៀនជល់មាន់លួចលាក់១កន្លែងត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ចុះបង្ក្រាប ខណៈកំពុងលួចជល់ក្នុងឱកាសបុណ្យចូលឆ្នាំចិនដកហូតបានមាន់១ក្បាល និងម៉ូតូចំនួន១៣គ្រឿង។
លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបាននិយាយអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ប្រជល់មាន់ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២២ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកបន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរដោយមានការដឹងខ្លួនជាមុនអ្នកលេងជល់មាន់ទាំងអស់នោះបានរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុកវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន១ក្បាល សង្វៀនជល់មាន់ចំនួន១វង់ ស៊ុមសំរាប់ក្រុងមាន់ចំនួន៣ស៊ុម និងម៉ូតូចំនួន១៣គ្រឿង។
បច្ចុប្បន្នវត្ថុតាងមធ្យោបាយខាងលើត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ៕
បង្ក្រាបទីតាំងសង្វៀនជល់មាន់១កន្លែងដកហូតមាន់១ក្បាល និងម៉ូតូ១៣គ្រឿង